ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានឧបត្ថម្ភថវិកាចំនួន៨០លានរៀល ជូនដល់កម្មវិធីរត់ដើម្បីមនុស្សធម៌ជាមួយសាយ ដើម្បីជួយរៃអង្គាសថវិកាសម្រាប់ជួយមន្ទីរពេទ្យកុមារអង្គរ
ខេត្តកណ្តាល៖លោក គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ ២០២១ បាននាំយកថវិការបស់ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលនៃគណៈខេត្តកណ្ដាល ចំនួន៨០លានរៀល ជូនដល់កម្មវិធីរត់ ដើម្បីមនុស្សធម៌ជាមួយសាយ ដើម្បីជួយរៃអង្គាសថវិកាសម្រាប់ជួយមន្ទីរពេទ្យកុមាអង្គរចំនួន៦០លានរៀល និងជួយដល់កុមារអូទីស្សឹមចំនួន២០លានរៀលផងដែរ។
យុទ្ធនាការរត់ ដើម្បីមនុស្សធម៌ជាមួយសាយ មានគោលបំណងចម្បង ជួយទ្រទ្រង់ថវិកាដល់ដំណើរការរបស់មន្ទីរពេទ្យកុមាអង្គរ ដែលផ្តល់សេវាសុខភាពសម្រាប់កុមារកម្ពុជា ដោយមិនគិតថ្លៃក្នុងក្រុងសៀមរាប ដែលកំពុងខ្វះថវិកា ដើម្បីថែរក្សា និងព្យាបាលសុខភាពកុមារកម្ពុជា។
ក្នុងឱកាសនោះលោក គីម រឹទ្ធី អភិបាល រងខេត្តកណ្តាល ក្នុងនាមឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ឯកឧត្ដមមានសេចក្ដីរីករាយចំពោះ កម្មវិធីមនុស្សធម៌នេះ ដែលយុវជនកម្ពុជាយើង ចេះបណ្ដុះគំនិត ក្នុងការបំផុសស្មារតីឱ្យយុវជន ប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយ ចូលរួមការងារសង្គម ដោយនាំគ្នាគោរពច្បាប់ចរាចរណ៍ ចូលរួមថែរក្សាអនាម័យ បរិស្ថាន ដើម្បីសុខភាព និងការអភិវឌ្ឍសង្គមជាតិយើងឱ្យរីកចំរើនជឿនលឿន៕