ប្រជាពលរដ្ឋចំនួន៤៧៩គ្រួសារ មកពី៩ភូមិ ក្នុងក្រុងប៉ោយប៉ែត ទទួលអំណោយពីទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ឯកឧត្តមឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាសមាជិកឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់របស់អង្គការសម្ព័ន្ធពិភពឥស្លាម RABITA និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានដឹនាំគណៈប្រតិភូអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់អង្គការសម្ព័ន្ធឥស្លាមពិភពលោក ផ្តល់ជូនប្រជាពលរដ្ឋខ្មែរ និងខ្មែរឥស្លាមចំនួន៤៧៩គ្រួសារ មកពី៩ភូមិ ក្នុងក្រុងប៉ោយប៉ែត។
ពិធីនេះបានប្រព្រឹត្តិទៅនៅវិហារឥស្លាម ស្ថិតនៅក្នុងសង្កាត់/ក្រុងប៉ោយប៉ែត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត លោកសាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុង លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុង លោក គង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាក្រុងប៉ោយប៉ែត និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានគាំទ្រ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលរាជរដ្ឋាភិបាលបាននឹងកំពុងតែដោះស្រាយនូវរាល់បញ្ហាទាំងឡាយដែលកើតឡើងសម្រាប់ប្រជាជនកម្ពុជា និងជាតិមាតុភូមិរបស់យើង ដោយសារតែយើងមានស្ថាបនិក ដែលជាអ្នកនាំមកនូវសុខសន្តិភាព និងជាអ្នកជួយសង្គ្រោះជាតិតាំងពីទស្សវត្សឆ្នាំ១៩៧៩ គឺសម្តេចតេជោ លោកបានខិតខំប្រឹងប្រែងរំដោះជាតិ ឲ្យរួចផុតពីក្រញាំដៃរបស់ពួកបនប្រល័យពូជសាសន៍ប៉ុលពត និងបានរៀបចំនូវគោលនយោបាយឈ្នះ ឈ្នះ រហូតបញ្ចប់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ននេះរយះពេល២២ឆ្នាំមកហើយ ដោយនាំមកនូវសន្តិភាពពេញលិញដូចសព្វថ្ងៃ។
អំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋខ្មែរ និងខ្មែរឥស្លាមចំនួន៤៧៩គ្រួសារ មកពី៩ភូមិ ក្នុងក្រុងប៉ោយប៉ែត នៅពេលនេះក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម,មី១០កញ្ចប់,ត្រីខ ៤កំប៉ុង,ស្កស២គីឡូក្រាម,ប្រេងឆា២លីត,អំបិល១គីឡូក្រាម,សាប៊ូដុំ៤ដុំនិងសាប៊ូលាងចាន១ដប៕