ប្រទះឃើញសពបុរសម្នាក់ មានសភាពស្វិតស្បែកដណ្តប់ឆ្អឹង នៅក្នុងដីឡូត៍ព្រៃស្តុកមួយកន្លែង ក្នុងខណ្ឌដូនពេញ
រាជធានីភ្នំពេញ៖សាកសពបុរសម្នាក់ មានសភាពស្វិតស្បែកដណ្តប់ឆ្អឹង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងដីឡូត៍ព្រៃស្តុកមួយកន្លែង ក្នុងតំបន់បឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ បង្កការភ្ញាក់ផ្អើល រួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ។
តាមប្រភពព័ត៌មានពីបុរសម្នាក់មានមុខរបរជាងទឹកភ្លើងឈ្មោះ ភិន សុភ័ក្ត្រ អាយុ២៤ឆ្នាំ ដែលឃើញមុនគេបានឲ្យដឹងថា មុនពេលកើតហេតុ មេគាត់បានប្រើឲ្យគាត់ពិនិត្យមើលបណ្តាញទឹកព្រោះទឹកចេះតែអស់ច្រើន ទើបគាត់បានដើររកមើលតាមទុយោទឹកដែលរត់កាត់តាមខាងក្រោម លុះគាត់ដើររកមើលតាមទុយោទឹកមកដល់ក្នុងព្រៃដីឡូត៍ខាងលើ ក៏ស្រាប់តែប្រទះឃើញសាកសព រួចបុរសជាងទឹកភ្លើងបានរាយការណ៍ប្រាប់ទៅមេកានិងរាយការណ៍បន្តប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ ។
សពដែលប្រជាពលរដ្ឋប្រទះឃើញមានសភាពស្វិត សល់តែស្បែកដណ្តប់ឆ្អឹង ពាក់អាវយឺតពណ៌ប្រផេះ ខោខ្មៅជើងវែងសាច់យឺត ស្បែកជើងស៊កជ័រ ពណ៌ស ក្បាលទំពែក សង្ស័យជនជាតិចិន មានវ័យប្រមាណជាង៤០ឆ្នាំទំនងស្លាប់អាចជិតមួយខែមកហើយ។
បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចហ៊ុមព័ទ្ធជុំវិញទីតាំងកើតហេតុនិង បង្កើតគណះកម្មាធិការជំនាញចូលរួមធ្វើកោសល្យវិច័យ ដើម្បីពិនិត្យរកហេតុអោយបានច្បាស់ថាជនរងគ្រោះជាជនជាតិអ្វី ហើយស្លាប់ដោយសារមូលហេតុអ្វីពិតប្រាដក៕