ជនសង្ស័យចំនួន០២នាក់ ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន
ខេត្តបាត់ដំបង៖កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក រួមជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀនពីរករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ។
លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះដែរ ករណីទី១ ធ្វើឡើងកាលពីវេលាម៉ោង១៤និង៤០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ នៅចំណុចក្រុមទី៣៤ ស្ថិតក្នុងភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ សុខ ភិត ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ៣ថង់ទម្ងន់ស្មើ ៦,៨៥ក្រាមទាំងសំបក,ទូរស័ព្ទដៃចំនួន០១គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ករណីទី០២ ធ្វើឡើងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ជឹង គឹមសេង ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង រួមជាមួយវត្ថុតាងចាប់យកបានមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ១ថង់ទម្ងន់ស្មើ ០,១៩ក្រាមទាំងសំបក។
ជនសង្ស័យនិងវត្ថុតាងរហូតមកដល់រសៀលថ្ងៃទី៦នេះ ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំឯកសារបញ្ជូនបន្តទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី៕