អាងខ្លួនពាក់ផ្កាយ១ ថ្លើមធំដកកាំភ្លើងវាយក្បាលសន្តិសុខ បណ្តាលឲ្យឈាមស្រោចពេញខ្លួនដួលសន្លប់
ខេត្តកណ្ដាល៖ឃាត់ខ្លួនលោកផ្កាយ១ ឈ្មោះ ហេង គាហុង ដែលមានតួនាទីជាមន្រ្តីយោធានិងជាម្ចាស់មន្ទីរសម្រាកព្យបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នូល ខេត្តកណ្ដាល ដែលដកកាំភ្លើងវាយក្បាលសន្ដិសុខ បណ្ដាលឲ្យរងរបួសធ្ងន់ដួលសន្លប់ក្នុងថ្លុកឈាម នៅមុខគ្លីនិច កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។
ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា ដើមចមដែលនាំឲ្យមន្ដ្រីយោធា ដកកាំភ្លើងវាយក្បាលសន្ដិសុខបណ្ដាលឲ្យបែកដួលសន្លប់ក្នុងថ្លុកឈាមនេះ គឺផ្ដើមចេញពីរឿងបាត់ស្បែកជើងមួយគូរបស់ជនបង្ក ហើយជនបង្កហៅប្រធានសន្ដិសុខមកដោះស្រាយ តែប្រធាននោះពន្យាពេលមិនព្រមមក ទើបធ្វើឲ្យជនបង្កខឹងសម្បារតែម្ដង។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បន្តថា រហូតមកដល់ពេលនេះ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នូល កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
ជុំវិញករណីអំពើហិង្សាដែលបង្កដោយមន្ដ្រីយោធាពាក់ផ្កាយមួយនេះ ត្រូវបានមហាជន ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមមានការហួសចិត្ត និងសម្ដែងនូវការខឹងសម្បារយ៉ាងខ្លាំង ដោយពួកគាត់ទទូចឲ្យស្ថាប័នមានសមត្ថកិច្ច មេត្ដាផ្ដន្ទាទោសតាមផ្លូវច្បាប់ចំពោះជនបង្កឲ្យបានម៉ឹងម៉ាត់ ព្រោះករណីនេះមិនគួរឲ្យកើតមានទាល់តែសោះនៅក្នុងសង្គម៕