ជនសង្ស័យចាក់សម្លាប់ក្មេងស្រីអាយុ១៨ឆ្នាំ នៅក្រុងតាខ្មៅ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនទៅសាកសួរ
ខេត្តកណ្តាល៖ករណីឃាតកម្មចាក់សម្លាប់ក្មេងស្រីអាយុ១៨ឆ្នាំ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានហើយ កាលពីវេលាម៉ោងជាង១១ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១។
ការចុះប្រតិបត្តិការ បង្ក្រាបនេះដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្លែងប្រាប់ថា ជនសង្ស័យពាក់ព័ន្ធចាក់សម្លាប់នារីវ័យក្មេង ចាប់បានហើយដោយសមត្ថកិច្ចកំពុងធ្វើការសាកសួរ។ជនសង្ស័យមានឈ្មោះ ទូច សជាតិ ហៅអាដំរី អាយុ៣៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ខណៈដែលជនសង្ស័យប្រើល្បិចមកមើលសាកសព ដែលសមត្ថកិច្ចមកដល់កន្លែងកើតហេតុពិនិត្យ និងធ្វើកោសល្យវិច័យ។
ក្រោយពីជំនាញធ្វើកោសល្យវិច័យរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕