អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន បានយាងទៅពិនិត្យព្រះបរមរូបសំណាក ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅក្នុងវត្តទួលប្រាសាទពេជ្ររង្សី បន្ទាប់ពីកសាងរួចរាល់ជាស្ថាពរ
ខេត្តកំពង់ធំ៖បន្ទាប់ពីកសាងរួចរាល់ជាស្ថាពរ នូវព្រះបរមរូបសំណាក ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន បានយាងទៅពិនិត្យផ្ទាល់និងសំណេះសំណាលជាមួយប្រជានុរាស្ត្រនៅក្នុងបរិវេណវត្ត ទួលប្រាសាទពេជ្ររង្សី (ហៅវត្តទួលប្រាសាទចាស់) ស្ថិតនៅក្នុងភូមិលឹក ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។
ទាំងនេះដោយក្តីនឹករលឹក នូវព្រះមហាករុណាទិគុណ ព្រះរាជបូជនីយកិច្ច និងស្នាព្រះហស្ថនៃអង្គព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងនាមប្រជានុរាស្ត្រ ជាកូន ជាចៅ ចៅទួត របស់ព្រអង្គ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ព្រះចៅអធិការ អាចារ្យ គណៈកម្មការ ព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយ បានមូលមតិគ្នាជាឯកច្ឆន្ទ ផ្តួចផ្តើមកសាងនូវព្រះបរមរូបសំណាក ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីគោរពបូជា និងធ្វើនូវសេចក្តីនឹករលឹក នូវព្រះមហាករុណាទិគុណ ប្រកបដោយព្រហ្មវិហារធម៌ដ៏មហាធំធេងមិនអាចកាត់ថ្លៃបាន។
ព្រះបរមរូបបានកសាងអំពីថ្មតាន់ មានកំពស់១មែត្រ៨តឹក ឋិតក្នុងឥរិយាបថពេញជំហរ ទ្រង់ឈរលើបល្ល័ង្កកំពស់៨តឹក ស្ថិតក្នុងបុស្បុកទំហំ៥x៥ម កំពស់១១ម៉ែត្រ ដែលវិចិត្រទៅដោយក្បូក្បាច់រចនាតម្រូវស័ក្តសមនឹងព្រះរាជកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ហើយប្រើពេលវេលាកសាងអស់ រយៈពេល១៣ខែ ទើបបានចប់សព្វគ្រប់ជាស្ថាពរ និងចំណាយថវិការអស់ប្រមាណ ១៤៥១៣ដុល្លារ (ដប់បួនពាន់ប្រាំរយដប់បីដុល្លារសហរដ្ឋអាមេរិច)។
ដោយសេចក្តីនឹករលឹក អាលោះអាល័យ និងការគោរពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងនាមប្រជានុរាស្ត្រដែលជាកូន ជាចៅ ចៅទួត របស់ព្រះអង្គ សូមធ្វើនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះបរមរាជានុញ្ញាតថ្វាយព្រះរាជមហាកុសល ថ្វាយចំពោះព្រះរាជវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងអតីតព្រះមហាវីរក្សត្រ ព្រះមហាក្សត្រិយានី ក៏ដូចជាព្រះរាជវង្សានុវង្សគ្រប់ព្រះអង្គដែលបានបូជាព្រះរាជបញ្ញាញាណ កម្លាំងកាយពល ដើម្បីជាតិមាតុភូមិ និងប្រជានុរាស្ត្រខ្មែរ សូមព្រះរាជវិញ្ញាក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានយាងសោយនៅទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ផងដែរថា ព្រះបរមរូបសំណាកព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋនឹងប្រារព្ធធ្វើពិធីបុណ្យឆ្លង និងកាត់ខ្សែរបូរក្នុងពេលខាងមុខ ឆាប់ៗនេះ៕