ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួចម៉ូតូ
ខេត្តបន្ទាយមានជ័យ៖ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ កែ សារិត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប/ជ 1N-1605 កាលពីវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ក្នុងខណៈពេលជនរងគ្រោះទុកម៉ូតូ នៅមុខតូបជាងជួសជុលម៉ូតូ ដោយភ្លេចដកកូនសោរចេញ ហើយបានដេកលក់ បន្ទាប់ពីភ្ញាក់ពីដេកស្រាប់តែបាត់ម៉ូតូ ហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតតែម្ដង។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម លោកបានចាត់តាំងកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ក្នុងខណៈពេលជនសង្ស័័យកំពុងយកម៉ូតូទៅលក់ នៅចំណុចមុខកាស៊ីណូឡាក់គី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិងដកហូតម៉ូតូ០១គ្រឿងដូចមានក្នុងពាក្យបណ្ដឹង នៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល ហើយបញ្ជូនមកមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនរួមមាន
១/- ឈ្មោះ ស៊យ ស៊ីណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
២/- ឈ្មោះ យ៉ុន បឿត ហៅ បឿ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័ទាំង០២នាក់ ក្រោយពីកម្លាំងជំនាញព្រហ្មទណ្ឌ មូលដ្ឋានអាវុធហត្ថក្រុងសួរចម្លើយ បានឆ្លើយសារភាពថា ពួកគេពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះដូចក្នុងពាក្យបណ្ដឹងពិតប្រាកដមែន។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តចាត់ការបន្ត។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយ ចំណែកម៉ូតូត្រូវបាន កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតប្រគល់ឱ្យម្ចាស់ដើមវិញហើយដែរ៕