ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លូនបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖លោកវរសេនីយ៍ត្រី ធឿង វាសនា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២២១ របស់ជនរងគ្រោះឈ្មោះ អឿន លឹប ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្ដឹងចោទប្រកាន់លើឈ្មោះ ទាយ យេ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិខ្នាចអំពេរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង បាននាំកូនស្រីគាត់ឈ្មោះ ល.ស.ល អាយុ១៦ឆ្នាំ រត់ចេញពីផ្ទះកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។ក្រោយពីទទួលបានពាក្យបណ្ដឹង នឹងមានតម្រុយថា ជនសង្ស័យទៅស្នាក់នៅផ្ទះសំណាក់មួយកន្លែងនៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ទើបលោកវរសេនីយ៍ត្រី ធឿង វាសនា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សអាវុធហត្ថខេត្ត ដឹកនាំកម្លាំងជំនាញ សហការណ៍ជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកមោងឫស្សី ខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវរហូតរកឃើញជនសង្ស័យស្នាក់ក្នុងផ្ទះសំណាក់ឈ្មោះម៉ារី ហើយធ្វើការឃាត់ខ្លួនតែម្ដង។
លោកវរសេនីយ៍ត្រី ធឿង វាសនា បញ្ជាក់ថា ក្នុងការឃាត់ខ្លួនជនសង្ស័យរូបនេះបានរកឃើញគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន០៤កូនថង់ ស្មើនឹងទម្ងន់១៤,៣៨ក្រាមផងដែរ ហើយបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី។
ក្រោយពីកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សសាកសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយសារភាពថា រូបគេមានទំនាក់ទំនងស្នេហាជាមួយក្មួយស្រីជីទួតមួយឈ្មោះ ល.ស.ល តាមរយៈលេងតាមឆាតហ្វេសប៊ុក បន្ទាប់មករូបគេក៏មកលេងដល់ផ្ទះជនរងគ្រោះ រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ក៏បាននាំគ្នារត់ចេញពីផ្ទះទៅស្នាក់នៅផ្ទះសំណាក់ក្នុងស្រុកមង្គលបូរីចំនួន២យប់ ហើយបន្តទៅស្នាក់នៅផ្ទះសំណាក់ម៉ារី ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបងចំនួន៣យប់ ទើបសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។
ចំណែកគ្រឿងញៀនដែលសមត្ថកិច្ចបានដកហូតនោះ ខ្លួនពិតជាបានទិញមកដើម្បីទុកលក់បន្ត និងទុកសម្រាប់ប្រើប្រាស់ខ្លួនឯងពិតប្រាកដមែន។
ដោយផ្អែកលើបណ្ដឹងជនរងគ្រោះ និងបានចម្លើយសារភាព ព្រមទាំងមានវត្ថុតាងគ្រឿងញៀន គឺមានភាពស៊ីសង្វាក់យ៉ាងជាក់លាក់ នៃបទល្មើស ការនាំយកអនីតិជនជាអាទិ៍ចេញដោយមិនស្របច្បាប់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕