ឯកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង បំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយស ជូនមន្ត្រីពន្ធនាគារខេត្តកំពត
ខេត្តកំពត:នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោក សេង សេរីបុត្រ អភិបាលរងលខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែងបំពាក់ឋានន្តរសក្កិ និងគ្រឿងឥស្សរយសជូនដល់មន្ត្រីពន្ធនាគារខេត្ត។
យោងតាមព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាសស្ដីពីការផ្តល់ជូនគ្រឿងឥស្សរិយសការពារជាតិ ដំឡើងឋានន្តរសក្កិ និងប្រកាសតែងតាំងមុខតំណែងដល់មន្ត្រី ក្នុងនោះបានបំពាក់ឋានន្តរសក្កិ និងប្រគល់ប្រកាសតែងតាំងមុខតំណែងជូនមន្ត្រីសរុបចំនួន ២២រូប និងបំពាក់មេដាយការពារជាតិជូនមន្ត្រីសរុបចំនួន ១១ រូប ។
ប្រសាសន៍ក្នុងឱកាសនោះលោក សេង សេរីបុត្រ អភិបាលរងខេត្ត បានសម្ដែងការកោតសរសើរ វាយតំលៃខ្ពស់ចំពោះលទ្ធផល ស្នាដៃការងារដែលអង្គភាពពន្ធនាគារខេត្តកំពតបានយកចិត្តទុកដាក់រួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារគ្រប់គ្រងជនជាប់ឃុំ ធានាឲ្យមាននូវសន្តិសុខ សុវត្ថិភាព សុខភាពនិងមនុស្សធម៌ ពិសេសការងារអប់រំស្ដារនីតិសម្បទា ព្រមទាំងវិជ្ជាជីវៈនិងមុខងារជូនដល់ជនជាប់ឃុំ មានលក្ខណៈល្អប្រសើរ៕