លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំប្រចាំខែ មករា ដាក់ទិសដៅអនុវន្តបន្តប្រចាំខែកុម្ភៈ និងផ្សព្វផ្សាយផែនការមួយចំនួន
ខេត្តបន្ទាយមានជ័យ៖ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែមករា ដាក់ទិសដៅអនុវន្តបន្តប្រចាំខែកុម្ភៈ និងផ្សព្វផ្សាយផែនការផ្សេងៗ នៅសាលប្រជុំ (ក) ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ផែនការ លើមន្ត្រីក្រោមឱវាទឲ្យយកចិត្តទុកដាក់ហាមឃាត់ដាច់ខាតមិនឲ្យមានការដុតផាវលេងក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខនេះ និងជំរុញដល់មន្ត្រីក្នុងមូលដ្ឋាន ត្រូវចូលរួមផ្សព្វផ្សាយអំពីគ្រោះអគ្គិភ័យដែលតែងតែផ្តើមចេញពីការទ្វេសប្រហែសភ្លើងទៀនធូប និងត្រូវចូលរួមទប់ស្កាត់ដាច់ខាតមិនឲ្យមានល្បែងស៊ីសងនៅតាមមូលដ្ឋាន។
ជាងនេះទៅទៀតលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានដាក់ទិសដៅ និងសង្កត់ធ្ងន់ទៅលើ ការងារ៤ចំណុចសំខាន់ៗរួមមាន៖
ទី១.នគរបាល សណ្តាប់ធ្នាប់ ត្រូវរៀបចំផ្សព្វផ្សាយច្បាប់ចរាចរណ៍ កំណត់គោលដៅត្រួតពិនិត្យឲ្យបានសមរម្យ ជៀសវាងការធ្វេសប្រហែសធ្វើឲ្យមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ត្រូវត្រៀមសង្គ្រោះប្រជាពលរដ្ឋនៅពេលមានហេតុការណ៍ចៃដន្យកើតឡើង និងជួយសម្រួលចរាចរណ៍ដល់ប្អូនៗសិស្សានុសិស្ស។
ទី២-ការងារព្រំដែនគោក កម្លាំងនគរបាល ត្រូវរងចាំទទួលបងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ គោរពក្រមសីលធម៌ និងបញ្ជូនបងប្អូនប្រជាពលរដ្ឋទៅធ្វើចត្តាឡីស័ក តាមមណ្ឌលនានា ដែលបានរៀបចំទុកក្នុងខេត្ត)។
ទី៣.ការងារសន្តិសុខ ត្រូវល្បាតជាប្រចាំ ដើម្បីការពារទប់ស្កាត់បទល្មើស ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងត្រូវក្តាប់សភាពការណ៍ ចេញចូល របស់សកម្មជន។
ទី៤-ការងារព្រហ្មទណ្ឌ៖បទល្មើស លួច ឆក់ប្លន់ និងបទល្មើសផ្សេងៗទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ក្នុងនោះត្រូវខិតខំពង្រឹងការងារធ្វើការទប់ស្កាត់ និងមុខសញ្ញាក្មេងទំនើងផងដែរ៕