លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យមាឃបូជា នៅព្រះមហាសក្យមុនីចេតីយ៍ភ្នំព្រះរាជទ្រព្យ(ឧត្តុង្គ)
ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជា អធិបតីក្នុងពិធីបុណ្យមាឃបូជា នៅព្រះមហាសក្យមុនីចេតីយ៍ភ្នំព្រះរាជទ្រព្យ(ឧត្តុង្គ) និងពិធីរាប់បាត្រព្រះសង្ឃ៨០អង្គ ស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល។
តាមឯកសារ ដែលមាននៅក្នុងព្រះរាជពិធីទ្វាទសមាសបានបញ្ជាក់ថា ប្រភពនៃបុណ្យមាឃបូជា មាន២យ៉ាង៖
ប្រភពទី១៖បុណ្យមាឃបូជាគឺជាបុណ្យរំលឹកដល់ថ្ងៃនៃការប្រជុំចតុរង្គសន្និបាត នៃព្រះអរហន្ត១២៥០អង្គដែលប្រព្រឹត្តទៅនាថ្ងៃពេញបូណ៌រមីក្នុងឆ្នាំរកាមុនពុទ្ធសករាជ៤៤ឆ្នាំដែលជាថ្ងៃនក្ខត្តឬក្សធំមួយ របស់ព្រះសក្យមុនីគោតមបរមគ្រូនៃយើង ដែលសន្និបាតបែបនេះមានតែម្តងគត់នាសម័យពុទ្ធកាល។
ប្រភពទី២៖បុណ្យមាឃបូជាគឺជាបុណ្យរំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ប្រកាសដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ ប្រព្រឹត្តទៅនាថ្ងៃពេញបូណ៌មីខែមាឃជាថ្ងៃអភិលក្ខិតកាលដ៏ធំមួយទៀត នៅមុនពុទ្ធសករាជ៣ខែ សម័យនោះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រជុំសាវ័កហើយប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ។
សម្រាប់ពុទ្ធសាសនិកកម្ពុជាយើង ក៏បានប្រារព្ធធ្វើបុណ្យមាឃបូជាដូចប្រទេសកាន់ព្រះពុទ្ធដ៏ទៃទៀតដែរ ពោលគឺចាប់តាំងពីរជ្ជកាល ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ មុនីវង្ស មករាជរដ្ឋាភិបាលបានកំណត់យកថ្ងៃពេញបូណ៌មី ខែមាឃ ជាថ្ងៃបុណ្យសម្រាប់ជាតិហៅយ៉ាងខ្លីថា ថ្ងៃបុណ្យមាឃបូជា ជាថ្ងៃបុណ្យខាងព្រះពុទ្ធសាសនា៕