រដ្ឋបាលខេត្តបន្ទាយមានជ័យ ជំរុញដោះស្រាយសំណូមពរ និងបញ្ហាប្រឈម របស់ប្រជាពលរដ្ឋលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត
ខេត្តបន្ទាយានជ័យ៖ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ដែលបានប្រព្រឹត្តនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសាលាស្រុកថ្មពួកនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ទទួលយកសំណូមពរ និងបញ្ហា ប្រឈមរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកថ្មពួក មកធ្វើការដោះស្រាយហើយបញ្ហាដែល នៅសេសសល់ និងត្រូវដាក់បញ្ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍របស់ខេត្តបន្តទៀត ។
សូមជំរាបដែរថា នៅក្នុងវេទិកាសាធាណៈនេះ តំណាងប្រជាពលរដ្ឋនៅក្នុងស្រុកថ្មពួក បានលើកឡើងឱ្យរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ស្ថាប័នពាក់ព័ន្ធបន្ត ជួយដោះស្រាយ មានចំនួន៥៧ សំណូមពរ បញ្ហា គឺបញ្ហាក្តីព្រួយបារម្ភលើ,កង្វះទឹកធ្វើស្រែប្រាំង, ការជួស ជុលផ្លូវដែលរងការខូចខាតនៅតាមមូលដ្ឋាន,ប្រព័ន្ធធារាសាស្រ្ត និងមានបញ្ហា ប្រឈមលើ ការអភិវឌ្ឍមូលដ្ឋានរបស់គាត់មួយចំនួនទៀតដែលតម្រូវឱ្យជួយដោះស្រាយជា បន្ទាន់នោះ។
នៅក្នុងឱកាសនោះឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងប្រុស ទាំងស្រី ក្នុងកិច្ច ដំណើរការរបស់ក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តម ខេង ស៊ុម មានប្រសាសន៍ទៀតថា ការបើកវេទិកានេះឡើងបានផ្តល់ឱកាស ក្នុងការពិភាក្សាប្រកបដោយតម្លាភាពគ្រប់ជ្រុងជ្រោយ ការទទួលបាននូវពហុគំនិតពីរដ្ឋបាល ថ្នាក់ក្រោមជាតិ សង្គមស៊ីវិល សាធារណជននានា ដែលអាចទទួលបាននូវការផ្ទៀងផ្ទាត់ប្រកបដោយសុចរិតភាព សុភវិនិច្ឆ័យ និងយុត្តិធម៌ក្នុងសង្គម ឱ្យកាន់តែល្អប្រសើរឡើង ម្យ៉ាងទៀតក៏ដើម្បីបង្ហាញនូវការទទួលខុសត្រូវមួយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិចំពោះប្រជាពលរដ្ឋនិងសង្គមជាតិទៀតផង ហើយមាន គោលបំណង សំខាន់លើគោលនយោបាយការកែលម្អ នូវប្រព័ន្ធអភិបាលកិច្ច នៅតាមថ្នាក់រដ្ឋបាល នានា ដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យ នៅមូលដ្ឋាន និងការជំរុញកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ចនិងសង្គមកិច្ច នៅតាមមូលដ្ឋាន ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេសផងដែរ។
ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យឯកឧត្តម ខេង ស៊ុម បន្តទៀតថា រាជរដ្ឋាភិបាលបានបង្ហាញ ឱ្យឃើញនូវឆន្ទៈដ៏មោះមុត និងជាការបោះជំហានទៅមុខយ៉ាងសំខាន់មួយក្នុងកិច្ចដំណើរការកំណែ ទម្រង់អភិបាលកិច្ច ក្នុងថ្នាក់មូលដ្ឋានសំដៅ ពង្រឹង លទ្ធិប្រជាធិបតេយ្យជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ឱ្យប្រកបដោយប្រសិទ្ធភាព៕