លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដឹកនាំប្រជុំការងារប្រចាំខែ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចំាខែមករា ឆ្នាំ២០២១ និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២១
អង្គប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំធំក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកអនុប្រធានផែន លោក លោកស្រី នាយការិយាល័យ ជំនាញ អធិការនគរបាលក្រុង ស្រុក និងមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០៤រួមនឹងមន្រ្តីនគរបាលពាក់ព័ន្ធជាច្រើនរូប ។
ក្នុងទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ស្នងការបានរំលេចចេញនូវទិដ្ឋភាព សំខាន់ៗជាច្រើន ដែលក្នុងនោះសកម្មភាពជាអាទិភាពគឺការក្តាប់ឱ្យជាប់នូវមុខសញ្ញាប្រព្រឹត្តបទល្មើសព្រហ្មទណ័្ឌគ្រប់ប្រភេទ មុខសញ្ញាគ្រឿងញៀន ក្រុមក្មេងបង្កអនាធិបតេយ្យក្នុងមូលដ្ឋាន ក្រៅពីក្តាប់បានត្រូវចាត់វិធានការបង្រ្កាបទាន់ពេលវេលា ចំពោះ អំពើល្មើសច្បាប់គ្រប់ប្រភេទ រួមទាំងល្បែងស៊ីសងក្នុងមូលដ្ឋានផងដែរ។បន្ថែមលើ កិច្ចការនេះការងារចរាចរណ៍ផ្លូវគោកត្រូវតែបន្តសកម្មភាពរិតបន្តឹងដោយមិនអាចបន្ធូរបន្ថយបានឡើយព្រោះ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ហាក់មិនមានសញ្ញាធូរស្រាយសោះឡើយពីមួយថ្ងៃទៅមួយថ្ងៃ។
ឆ្លៀតក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ ស្នងការបានផ្តល់នូវវត្ថុអនុស្សាវរិយ៍ជូនដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ដែលត្រូវបានចូលនិវត្តន៍ពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ និងបានសម្តែងនូវការដឹងគុណជាអនេកចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើជាតិ បម្រើប្រជាពលរដ្ឋ តាំងពីពេល ចាប់ផ្តើមរហូតដល់ពេលនេះ និងត្រូវបានចូលនិវត្តន៍ស្របតាមច្បាប់ក៏ដូចជាលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ៕