មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានរៀបចំបើកការប្រកួតបាល់ទាត់ជ្រើសរើសកីឡាករឆ្នើមប្រចាំខេត្ត ដើម្បីត្រៀមចូលរួមប្រកួតដណ្តើមពានរង្វាន់សម្តេចតេជោ
ខេត្តព្រះសីហនុ៖ដើម្បីត្រៀមចូលរួមប្រកួតដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកទី១៥ រដូវកាលឆ្នាំ២០២១ នៅរាជធានីភ្នំពេញ នាពេលខាងមុខនេះ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានរៀបចំបើកការប្រកួតបាល់ទាត់ជ្រើសរើសកីឡាករឆ្នើមប្រចាំខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ការប្រកួតជ្រើសរើសកីឡាករឆ្នើមប្រចាំខេត្តព្រះសីហនុ បានប្រព្រឹត្តិដោយរលូន ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលមានកីឡាករ ចំនួន ០៤ក្រុម ចូលរួមប្រកួតវិលជុំ ក្នុងនោះមាន ក្រុមបាល់ទាត់ស្នងការនគរបាលខេត្ត ក្រុមកីឡាករកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រុមកីឡាករក្តាមថ្ម និងក្រុមកីឡាករខ្យល់ព្យុះ។ការប្រកួតនេះដែរបានធ្វើឡើងនៅទីលានអនុវិទ្យាល័យសម្តេចឪ ដោយប្រកួតវិលជុំ ការប្រកួតថ្ងៃទី១
-ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ក្រុមកីឡាករបាល់ទាត់ក្តាមថ្ម ជួបជាមួយក្រុមកីឡាករខ្យល់ព្យុះ និងក្រុមកីឡាករកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជួបជាមួយក្រុមកីឡាករស្នងការដ្ឋាននគរបាលខេត្ត ។
-ថ្ងៃ២៥ ខែមករា ឆ្នាំ២០២១ ក្រុមកីឡាករកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជួបជាមួយក្រុមកីឡាករក្តាមថ្ម និងក្រុមកីឡាករស្នងការនគរបាលខេត្ត ជួបជាមួយក្រុមកីឡាករខ្យល់ព្យុះ។
-ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ក្រុមកីឡាករកំពង់ផែ ជួបក្រុមកីឡាករខ្យល់ព្យុះ និងក្រុមកីឡាករស្នងការដ្ឋាននគរបាលខេត្ត ជួបក្រុមកីឡាករក្តាមថ្ម ។ជាលទ្ធផលយើងជ្រើសរើសបានកីឡាករឆ្នើមចំនួន២៥រូប ធ្វើការហ្វឹកហាត់បន្ថែម ដើម្បីត្រៀមទៅចូលរួមប្រកួតដណ្តើមពានរង្វាន់សម្តេចតេជោនៅរាជធានីភ្នំពេញ៕