មហាកុដិ វត្តទួលព្រះរាជា នៅស្រុកកោះធំ ត្រូវបានបើកឱ្យប្រើប្រាស់ឡើងវិញ
ខេត្តកណ្តាល៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងសម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល នៅរសៀលថ្ងៃទី២៥ ខែមការា ឆ្នាំ២០២១ បាននិមន្ត និងចូលរួមជាអធិបតីក្នុងពីធីបើកឱ្យប្រើប្រាស់ឡើងវិញមហាកុដិវត្តទួលព្រះរាជា ស្ថិតក្នុងភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។
វត្តទួលព្រះរាជា ស្ថិតនៅក្នុងភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ត្រើយខាងកើតដងទន្លេបាសាក់ បានកកើតលើដីទួលបុរាណ ដែលប្រជាពលរដ្ឋមានជំនឿថា មានមហិទ្ធិរិទ្ធខ្លាំងពូកែ ក្នុងសម័យសង្គមរាស្រ្តនិយម មានឈ្មោះថា ទួលអាជាជោ ហើយជារៀងរាល់ឆ្នាំក្នុងរដូវទឹកសម្រក ប្រជាជនតែងតែរួបរួមគ្នាធ្វើបុណ្យ ថ្វាយបារមីសុំសេចក្តីសុខចម្រើន ពិសេសសុំឲ្យកសិផលបានពេញលេញ គ្មានសត្វល្អិតចង្រៃបំផ្លាញ។
ក្នុងអំឡុងពេល ឆ្នាំ១៩៩២ លោក ធាន វុទ្ធី បានមកទំនាក់ទំនងជាមួយព្រឹទ្ធាចារ្យ អាជ្ញាធរ ភូមិកំពង់គរ ឃុំពោធិបាន សុំកសាងទីទួលនេះជាកន្លែងធ្វើសីល សមាធិ បញ្ញា ដើម្បីបំពេញកុសលឧទ្ធិសសុំសេចក្តីសុខ សន្តិភាពជូនប្រជាជន ។ក្រោយមកក្នុងឆ្នាំ២០១៤ លោក ធាន វុទ្ធី បានតាំងខ្លួនឯងជាព្រះសិអារ្យមេត្រីនោះ និងកសាងសមិទ្ធផលនានា ដែលប្រាស់ចាកពីទម្រង់ព្រះពុទ្ធសាសនា រចនាបទ និងវប្បធម៌របស់ជាតិ ក្នុងពេលនោះដែរ ក្រសួងធម្មការ និងសាសនា គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងគណៈអភិបាលខេត្តកណ្តាល បានជម្រាបជូនដំណឹងដល់សាធារណៈជនក្នុង និងក្រៅប្រទេស ជ្រាបថា ទង្វើរបស់លោក ធាន វុទ្ធី ដែលប្រព្រឹត្តកន្លងមក បានធ្វើឲ្យបះពាល់ដល់កិត្យានុភាព និងសេចក្តីថ្លៃថ្នូរនៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដូចនេះ រដ្ឋបាលខេត្តកណ្តាល បានបង្កើតគណៈកម្មការចម្រុះសម្រាប់គ្រប់គ្រងវត្តទួលព្រះរាជា និងបិទមិនឲ្យប្រើប្រាស់មហាកុដិជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤ កន្លងមក៕