គ្រឿងក្នុងជ្រូកខូចគុណភាព ឈ្មួញលួចនាំចូលពីប្រទេសជិតខាង ត្រូវបានជំនាញបង្ក្រាបបាន នៅក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖គ្រឿងក្នុងជ្រូកខូចគុណភាព ដែលឈ្មួញលួចនាំចូលពីប្រទេសថៃរួមមាន:ឆ្អឹងជំនីរ អណ្តាត សាច់ ស្លឹកត្រចៀក បេះដូង ពោះវៀនតូច ពោះវៀនធំ ច្រមុះ ក្រលៀនចំនួន៦០កេះ ស្មើនឹង៣ ៦០០ គីឡូក្រាម (ក្នុង១កេះ ស្មើនឹង៦០គីឡូក្រាម) ត្រូវបានក្រុមអន្តរាគមការិយាល័យ សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករ នៃការិយាល័យស្រាវជ្រាវ បង្រ្កាបអំពើរត់ពន្ធតំបន់៥ បង្ក្រាបបានកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខស្នាក់ការគយ និងរដ្ឋាករ ខាងលិចស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ ខណ:ដែលឈ្មួញដឹកទំនិញលួចបង្កប់នៅក្នុងរថយន្ត។
ជំនាញបានឲ្យដឹងថា បន្ទាប់ពីត្រួតពិនិត្យជាក់ស្តែងរួចមកឃើញថា ផលិតផលទាំងនោះ បានប្រែប្រួលសភាពដើម មានក្លិនស្អុយ (រលាយទឹកកកអស់) សមត្ថកិច្ចជំនាញ ក៏បានឯកភាពគ្នាធ្វើការដុតកម្ទេចចោលតាមវិធានការបសុពេទ្យ នៅចំណុចភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១២ និង៣០នាទីរសៀល នៅថ្ងៃខែឆ្នាំដដែល ដោយយោងលើសារាចរលេខ០៧ សរ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពី វិធានការទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដោយខុសច្បាប់ ចុះថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៩។
ពាក់ព័ន្ធបញ្ហាខាងលើនេះមហាជនកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាលំហូរចូលនៃគ្រឿងក្នុងជ្រូកខូចគុណភាព ចូលប្រទេសកម្ពុជា តាមច្រកប៉ោយប៉ែត ដោយខ្លះប្រាប់ថា មានច្បាប់នាំចូល និងខ្លះទៀតពុំមានច្បាប់នោះទេដោយលួចបង្កប់ជាមួយឡានដឹកត្រី និងឡានដឹកចំណីក្រពើ ដោយមិនមានការវេចខ្ចប់ត្រឹមត្រូវតាមស្តង់ដានោះទេ ជាហេតុធ្វើឲ្យសាច់ឬគ្រឿងក្នុងជ្រូកទាំងនេះ គ្មានអនាម័យ និង ងាយខូចគុណភាពតែម្តង៕