កិច្ចប្រជុំត្រួតពិនិត្យការងារឆ្នាំ២០២០ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន និងដាក់ចេញនូវវិធានការមួយចំនួន ដើម្បីត្រៀមបង្ការដោះស្រាយបញ្ហាផ្សេងៗកើតចេញពីគ្រោះធម្មជាតិនៅក្នុងខេត្ត
ខេត្តប៉ៃលិន៖នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារឆ្នាំ២០២០ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន និងដាក់ចេញនូវវិធានការមួយចំនួន ដើម្បីត្រៀមបង្ការដោះស្រាយបញ្ហាផ្សេងៗកើតចេញពីគ្រោះធម្មជាតិនៅក្នុងខេត្ត។
ក្រោយពីលោកជំទាវ បានស្រីមុំអភិបាលខេត្តប៉ៃលិនបានអានរបាយកាណ៍ស្តីពីស្ថានភាពទូទៅនៃខេត្តប៉ៃលិន និងប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិនានាកន្លងមក និងសកម្មភាពក្រុមការងារទាំងអស់ ដែលបានចុះជួយដល់ពលរដ្ឋទាន់ពេលវេលាពិសេស គឺនៅពេលប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់នាពេលថ្មីៗកន្លងទៅនេះ និងបានយកស្បៀងអាហារនិងថវិការមួយចំនួនដែលជាជំនួយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅចែកជូនពលរដ្ឋដល់លំនៅឋាន ដើម្បីជួយសម្រាលទុក្ខលំបាកដល់ពួកគាត់។
ជាមួយគ្នាក្នុងនាមជាសេនាធិការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើការងារគ្រោះមហន្តរាយលោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ក្នុងខេត្តប៉ៃលិន។
ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ដូច្នេះថា «ដើម្បីត្រៀមបង្ការ និងឆ្លើយតបបានទាន់ពេលវេលា ខេត្តត្រូវធ្វើផែនការត្រៀមឲ្យបានលម្អិតជាក់ស្តែង រួមទាំងការបម្រុងទីទួលសុវត្ថិភាព មធ្យោបាយ សម្ភារៈ ការត្រៀមបម្រុងកម្លាំងសម្រាប់ជួយអន្តរាគមន៍ ដោយមានរៀបចំហ្វឹកហាត់ជាមុន និងត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្សសម្រាប់ជួយសង្គ្រោះជនរងគ្រោះជាដើម»។
បើទោះបីជាយ៉ាងណា ទេសរដ្ឋមន្ត្រី គន់ គីម បានកោតសសើរចំពោះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន ដែលក្តាប់ជាប់ និងមានផែនការក្នុងការត្រៀមបង្ការ និងឆ្លើយតបពេលមានគ្រោះមហន្តរាយនាពេលកន្លងមក។
ជាមួយគ្នានោះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជននានា ព្រមទាំងមានកិច្ចសហការជាមួយសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមកម្ពុជាបានចុះសួរសុខទុក្ខ និងចែកអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយបានទាន់ពេលវាលាផងដែរ៕