ជនសង្ស័យម្នាក់ ត្រូវបានអាវុធហត្ថចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីប្លន់យកម៉ូតូមួយគ្រឿង
ខេត្តបន្ទាយមានជ័យ៖ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្លន់យកម៉ូតូមួយកើតឡើងនៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់តាំងកម្លាំងចុះធ្វើប្រតិបត្តិការដល់កន្លែងកើតហេតុ ដើម្បីសួរនាំហេតុការណ៍ដែលកើតឡើង ហើយធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ឈុំ ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AL-6610 ដែលជាម៉ូតូរបស់ជនរងគ្រោះ និងកូនកាំបិតចិតបន្លែ០១ដើមផងដែរ នៅចំណុចម្ដុំអាគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនមកមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីសាកសួរចម្លើយ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្លន់យកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ប្រាក់ សុខុម ជាអ្នករត់ម៉ូតូឌុបពិតប្រាកដមែន ដោយខ្លួនបានប្រើល្បិចធ្វើជាហៅម៉ូតូជិៈទៅភូមិប្រជាធម្ម ដោយប្រាប់ម្ចាស់ម៉ូតូឱ្យជិៈផ្លូវកាត់ដើម្បីងាយស្រួលធ្វើសកម្មភាព ពេលទៅដល់កន្លែងស្ងាត់រូបគេក៏បានយកកូនកាំបិតអារកជនរងគ្រោះពីក្រោយបណ្ដាលឱ្យម៉ូតូដួល ហើយរូបគេក៏លើកម៉ូតូជិៈសំដៅទៅរកកន្លែងដាក់បញ្ចាំ តែគ្មានអ្នកណាទទួលបញ្ចាំសោះ ហើយខ្លួនក៏ជិៈបន្តទៅដល់ចំណុចអាគារថ្មី ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។
ដោយទទួលបានចម្លើយសារភាព និងមានវត្ថុងតាងគ្រប់គា្រន់ ជនសង្ស័យត្រូវបានកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្តចាត់ករបន្ត។បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយនៅរសៀលថ្ងៃទី២២នេះ។ ចំណែកម៉ូតូត្រូវបានកម្លាំង អាវុធហត្ថក្រុង ប្រគល់ឱ្យក្រុមគ្រួសារជនរងគ្រោះវិញហើយ ដោយឡែកជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែតផងដែរ៕