បិទកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្ដាល
ខេត្តកណ្ដាល៖ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ(គ.ក.ស.ក)ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានជម្រុញដល់ គ.ក.ស.ក ថ្នាក់ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ និងបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបញ្ចូលសកម្មភាពពាក់ព័ន្ធ នឹងបញ្ហាសមភាព យេនឌ័រ លើស្ត្រី យុវជន កុមារ និងជនងាយរងគ្រោះទៅក្នុងផែនការ អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលប្រចាំឆ្នាំនៅថ្នាក់រដ្ឋបាលនីមួយៗរបស់ខ្លួន។គ.ក.ស.ក ថ្នាក់គ្រប់ថ្នាក់ ត្រូវបន្តខិតខំបំពេញមុខងារភារកិច្ចខ្លួនឲ្យបានល្អ ត្រូវធ្វើជាអ្នកសម្របសម្រួល និងពិគ្រោះយោបល់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងសមភាពយេនឌ័រ ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះនៅមូលដ្ឋានខ្លួនឲ្យមានប្រសិទ្ធភាព។មន្ទីរពាក់ព័ន្ធ ត្រូវខិតខំស្វែងរកដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ដើម្បីផ្ដល់កិច្ចសហការ និងគាំទ្រដល់កម្មភាពដែលបម្រើឲ្យតម្រូវការរបស់ស្ត្រី កុមារ និងជនងាយរងគ្រោះ។
ក្នុងនោះឯកឧត្តមបានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះលទ្ធផលការងារដែល គ.ក.ស.ក ខេត្ត សម្រេចបានក្នុងឆ្នាំ២០២០ ជាពិសេសគឺជាលទ្ធផលល្អនៃកិច្ចប្រជុំដែលបានដំណើរការអស់រយៈពេលមួយថ្ងៃកន្លងមកនេះ។
លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.កខេត្ត បានបញ្ជាក់ថា សម្រាប់កិច្ចប្រជុំរយៈពេលមួយថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ ពីព្រោះបានផ្ដល់នូវធាតុចូលជាច្រើនសម្រាប់ គ.ក.ស.ក គ្រប់ថ្នាក់យកទៅពិចារណា និងប្រតិបត្តិក្នុងការបំពេញមុខងារភារកិច្ចរបស់ខ្លួន ឲ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ និងប្រសិទ្ធផល ក្នុងការលើកកម្ពស់ស្ថានភាព ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ ក៏ដូចជាការលើកកម្ពស់វិស័យសេវាសង្គម ប្រកបដោយសមធម៌ និងបរិយាបន្នក្នុងខេត្តកណ្ដាល៕