លោកជំទាវ បាន ស្រីមុំ អញ្ជើញជួបសំណេះសំណាល និងជូនដំណើរពលករម្នាក់ទៀត ទៅលំនៅឋានវិញ ក្រោយពីជាសះស្បើយពីជម្ងឺ
ខេត្តប៉ៃលិន៖នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរពលករម្នាក់ទៀត ទៅលំនៅឋានវិញ ក្រោយពីបានឆ្លងវីរុសកូវីដ១៩ ហើយទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញក្នុងការព្យាបាល រហូតទទួលបានជាសះស្បើយ ។
ក្នុងឱកាសសំណេះសំណាល និងជូនដំណើរនេះ លោកជំទាវ បាននាំការអបអរសាទរ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនបងប្អូននាពេលនេះផងដែរ។
ក្នុងនាមលោកជំទាវផ្ទាល់ ក៏សំដែងនូវទឹកចិត្តត្រេកអរជាមួយបងស្រី និងបានផ្តាំផ្ញើថា ទោះបីពេលនេះប្អូនៗទទួលបានជាសះស្បើយក្តី តែពេលត្រឡប់ទៅផ្ទះវិញ ក៏ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត ដើម្បីជាការបង្ការបន្ថែម ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ទំនាក់ទំនងមកក្រុមគ្រូពេទ្យ និងកុំភ្លេចញ៉ាំថ្នាំអោយបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ និងបានកើតសរសើរ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យជំនាញ ដែលបានខិតខំអស់កម្លាំងកាយចិត្ត លះបង់ពេលវេលាទាំងយប់ទាំងថ្ងៃ ក្នុងការមើលថែអ្នកជំងឺយ៉ាងយកចិត្តទុកដាក់រហូតបានជាសះស្បើយ។
លោកជំទាវ បានបញ្ជាក់បន្ថែមជូនបងស្រីថា ក្នុងដំណាក់កាលព្យាបាលនិងការស្នាក់នៅ ហូបចុក គឺជាការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ដោយមិនទុកអោយបងប្អូនពលករខ្មែរយើងណាម្នាក់ជួបទុក្ខលំបាកដោយសារវីរុសកូវីដ៩ ដោយលោកមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។
លោកបានចាត់ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យជំនាញ ដើម្បីធ្វើការងារនេះជាសមរភូមិមុខ បន្ទាប់មកកងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការរីករាលដាលវីរុសកំណាចនេះចូលក្នុងមូលដ្ឋាន។
លោកជំទាវក៏បានស្នើអោយបងស្រី បើមានសាច់ញាតិដែលត្រូវត្រឡប់មកស្រុកកំណើតវិញ សូមមកតាមសម្រួល និងត្រូវផ្តល់ព័ត៌មានពិត ជូនកងកម្លាំងការពារ និងក្រុមគ្រូពេទ្យជំនាញ រួចស្ម័គ្រចិត្ត ចូលខ្លួនធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
សូមបញ្ជាក់ថានៅខេត្តប៉ៃលិនមានអ្នកវិជ្ជមានជម្ងឺកូវិដ១៩ មានតែម្នាក់គត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត នេះបើយោងទៅលើការប្រកាសពត៌មានរបស់ក្រសួងសុខាពិបាលគិតត្រឹមម៉ោង៧និង០០នាទីថ្ងៃទី២១ខែមករាឆ្នាំ២០២១នេះ៕