ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងកែលម្អ និងពង្រីកសួនច្បារមាត់ព្រែកកំពង់បាយ
ខេត្តកំពត៖ក្នុងកិច្ចប្រជុំពិភាក្សាលើគម្រោងកែលម្អ និងពង្រីកសួនច្បារមាត់ព្រែកកំពង់បាយ ដែលមានទីតាំងចាប់ពីស្ពានថ្មថ្មីរហូតដល់ស្ពានឥន្ធនូ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានផ្ដល់អនុសាសន៍ជូនដល់អង្គប្រជុំដើម្បីយកទៅអនុវត្តគម្រោងនេះទទួលជោគជ័យដូចខាងក្រោម:
១-ត្រូវរៀបចំក្រុមការងារគ្រប់គ្រងគម្រោងកែលម្អ និងពង្រីកសួនច្បារមាត់ព្រែកកំពង់បាយ ដើម្បីពិនិត្យសម្របសម្រួលនិងដោះស្រាយរាល់បញ្ហាទាំងឡាយដែលកើតឡើងក្នុងដំណើរការសិក្សាក៏ដូចជាការអនុវត្តគម្រោងនេះ ។
២-ស្នើសុំលោកប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ សិក្សាលំអិតបន្ថែមទៀតលើ គំនូសប្លង់រចនា និងរចនាបថឱ្យបានសមស្របនិងគួរឱ្យទាក់ទាញ។
៣-ស្នើលោកអភិបាលក្រុង ពិនិត្យមើលមាត់ព្រែកត្រើយខាងលិច ត្រូវកែលម្អឱ្យបានស្អាត និងត្រូវពិចារណាសាងសង់ផ្លូវបេតុងតាមបណ្ដោយមាត់ព្រែក ដើម្បីទប់ស្កាត់ការរំលោភយកដីព្រែកផងដែរ។
សូមជំរាបដែរថា ក្រោយពីការធ្វើបទបង្ហាញគំនូសប្លង់រចនា គម្រោងកែលម្អ ពង្រីកសួនច្បារមាត់ព្រែកកំពង់បាយប្រវែង៦៦៣ ម៉ែត្រ ទទឹង៣៤ម៉ែត្រ ដោយមានរចនាដាក់ដាក់រូបសំណាក និងស្ពានលយចូលទៅក្នុងព្រែកសម្រាប់ភ្ញៀវទេសចរណ៍មកលំហែកម្សាន្ត និងថតរូបយកទេសភាពមាត់ព្រែក ឯកឧត្តម ជាវ តាយ បានដឹកនាំពិភាក្សាធាតុចូល ជាគំនិតយោបល់ពីអ្នកចូលរួមពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើឲ្យគម្រោងកែលម្អសួនច្បារមាត់ព្រែកនេះមានភាពល្អប្រសើរ គ្រប់ជ្រុងជ្រោយ មានសោភ័ណភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តកំពតឲ្យបានច្រើនថែមទៀត៕