សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងមន្ត្រីចូលនិវត្តន៍សរុបចំនួន១៣៩គ្រួសារ
ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងជាអភិបាលខេត្ត នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២០១ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងមន្ត្រីចូលនិវត្តន៍សរុបចំនួន១៣៩គ្រួសារ នៅសាលាស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុកស្ទឹងហាវ និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។
នាឱកាសនោះឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំការសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ពីសំណាកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ដែលតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនមានប្រកាន់វណ្ណ: ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។
ឯកឧត្តម គួច ចំរើន បញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ជម្រុញការអភិវឌ្ឍធ្វើឱ្យសេដ្ឋកិច្ចជាតិ មានការកើនឡើង កម្ពុជាមានឈ្មោះល្បីរន្ទឺ។
ឯកឧត្តម គួច ចំរើន បានសំណូមពរប្រជាពលរដ្ឋ កុំឱ្យជឿឃោសនារបស់ក្រុមក្រៅច្បាប់ ដែលបានឃោសនាឱ្យប្រជាពលរដ្ឋត្រៀមទទួលនៅថ្ងៃទី៤ ខែមករា ឆ្នាំ ២០២១ខាងមុខ ដែលសកម្មភាពនេះជាការបោកប្រាស់ ព្រោះអ្នកទាំងនោះ ជាអ្នកមានទោសតាមសាលដីការតុលាការ រាជធានី ខេត្ត។
អំណោយរបស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ផ្តល់ជូនប្រជាពលរដ្ឋមកពីរឃុំទាំង៤ ចំនួន ១៣៩គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខកំប៉ុង ១យួរ និងថវិកា៥០,០០០រៀល៕