ប្រជាពលរដ្ឋចំនួន៧៧គ្រួសារ រស់នៅលើចំណីមាត់ស្ទឹងសៀមរាប ដែលស្ម័ត្រចិត្តធ្វើការរុះរើ ទៅនៅទីតាំងថ្មី បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួន
ខេត្តបន្ទាយមានជ័យ៖រដ្ឋបាលខេត្តរសៀមរាប ដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប សមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរអប្សរា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពរួមទាំងកងកម្លាំងទាំងបី កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បាននាំយកអំណោយជាគ្រឿង ឧបភោគបរិភោគ និងសម្ភារៈ រួមទាំងស័ង្កសីមួយគ្រួសារទទួលបាន២២សន្លឹក ជាអំណោយរបស់រដ្ឋបាលខេត្ត កាកបាទក្រហមកម្ពុជាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ផ្តល់ជូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់សំណង់មិនរៀបរយ លើដីចំណីមាត់ស្ទឹងសៀមរាប ចំនួន៤៣០គ្រួសារ ដែលបានស្ម័ត្រចិត្តធ្វើការរុះរើចំនួន៧៧គ្រួសារ ទៅនៅទីតាំងថ្មី ក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ។
បើតាមតាមរបាយការណ៍របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម លើកិច្ចរៀបចំភូមិថ្មីនេះ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ផែនការស្ថាបនាផ្លូវក្រាលគ្រូសក្រហមប្រវែងសរុប៧ពាន់៧០០ម៉ែត្រ សម្រេចបានការលើកតួរផ្លូវបាន៨០ % ចាក់ក្រាលគ្រួសក្រហមសម្រេចបាន ៤០% ។ ការសាងសង់បង្គន់អនាម័យមានចំនួន៤៣០សម្រេចការរៀបចំបាន១៤៧បង្គន់ និង ខួងអណួងស្នប់មានចំនួនសរុប៤៣០អណ្តូង បុកបានចំនួន៣៨៣អណ្តូង និងបំពាក់ក្បាលស្នប់បាន១៨១អណ្តូង។ ចំពោះលើការងាររៀបចំបណ្តាញអគ្គីសនី គឺបានដាំពង្រាយបង្គោលភ្លើងបានប្រហែល១៥% ។
មានប្រសាសន៍សំណេះសំណាលនោះដែរឯកឧត្តម ទៀ សីហា ក៏បានធ្វើការអរគុណចំពោះប្រជាពលរដ្ឋស្ម័គ្រចិត្ត ដែលបានចាកចេញពីដីចំណីស្ទឹងសៀមរាប ជាការចូលរួមពីប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍខេត្តសៀមរាបតាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធចំនួន៣៨ខ្សែ និងការស្តារស្ទឹងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ឲ្យស័ក្កសមជាទីក្រុងវៃឆ្លាតនាពេលខាងមុខ។ក្នុងតម្លៃប្រកបដោយមោទនភាព សម្រាប់ការចូលរួមអភិវឌ្ឍក្រុងទេសចរណ៍វប្បធម៌ដ៏ទាក់ទាញ ហើយដែលការចូលរួមនេះ វាបានបង្កើតឡើងនូវជីវភាពថ្មីរស់នៅលើដីកម្មសិទ្ធិស្របច្បាប់ ដ៏កក់ក្តៅបំផុត។
ក្នុងនោះឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា បងប្អូនបានស្ម័គ្រចិត្ត ចាកចេញពីដីចំណីមាត់ស្ទឹងសៀមរាប នៃក្រុងសៀមរាប ទៅរស់នៅលើទីតាំងថ្មី នៃភូមិធម្មជាតិ រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី អាជ្ញាធរខេត្តលើកអ្វីដែលត្រូវនិយាយមុនគេ គឺសេចក្តីថ្លែងអំណរគុណ ចំពោះការស្ម័គ្រចិត្តចូលរួម នៃបងប្អូនប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍទីក្រុងទេសចរណ៍អង្គរ-សៀមរាប ហើយបន្ទាប់មកទៀត គឺត្រូវនិយាយអំពីមោទនភាព ដែលបងប្អូនត្រូវបានចាកចេញពីជីវភាព នៃប្រជាជនក្នុងតំបន់មិនរៀបរយ មកជាប្រជាពលរដ្ឋដែលត្រូវបានរស់នៅលើដីកម្មសិទ្ធិដោយស្របច្បាប់ ៕