សម្តេចតេជោ ហ៊ុន សែន ស្នើសុំជំនួយវ៉ាក់សាំងកូវីដ១៩ ពីប្រទេសឥណ្ឌា
រាជធានីភ្នំពេញ៖នៅក្នុងជំនួបពិភាក្សារវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងលោកជំទាវ Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ សម្តេចតេជោ បានស្នើសុំឥណ្ឌាតាមរយៈលោកជំទាវឯកអគ្គរដ្ឋទូតទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Damodardas Modi ឧបត្ថម្ភវ៉ាក់សាំងកូវីដ១៩ ដល់កម្ពុជា ដើម្បីចាក់ជូនពលរដ្ឋខ្មែរ ព្រោះប្រទេសឥណ្ឌាបានផលិតវ៉ាក់សាំងកូវីដ១៩ បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនជាង៣០០លាននាក់នៅក្នុងឆ្នាំនេះផងដែរ។
ក្នុងឱកាសនោះលោកជំទាវ Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌាគឺមានជាយូរលង់ណាស់មកហើយនៅក្នុងប្រវត្តិសាស្ត្រ គឺជាទំនាក់ទំនងដ៏ល្អមួយ ហើយក្នុងបេសកកម្មកាទូតរបស់លោកជំទាវកាន់កម្ពុជានៅពេលនេះ គឺដើម្បីពង្រឹងពង្រីកនូវកិច្ចសហប្រតិការដែលមានស្រាប់នេះឲ្យកាន់តែរីកធំធាត់ឡើងមួយកម្រិតថែមទៀត។
លោកជំទាវបានមានប្រសាសន៍ថា តាមរយៈការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោជានាយករដ្ឋមន្ត្រី តាមរយៈអរិយធម៌វប្បធម៌ និងសាសនាដែលជាមូលដ្ឋានមួយរវាងប្រទេសទាំងពីរ លោកជំទាវនឹងប្រឹងប្រែងធ្វើយ៉ាងណាជំរុញការរៀបចំកម្មវិធីជាប្រចាំនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ដើម្បីផ្សាភ្ជាប់ប្រជាជន និងប្រជាជន និងវិស័យពាណិជ្ជកម្មបន្ថែមពីលើទំនាក់ទំនងដែលមានស្រាប់៕