លួចម៉ូតូគេ ត្រូវម្ចាស់ប្តឹងអាវុធហត្ថចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖អាវុធហត្ថឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ គា ហៅជ្រូក ភេទប្រុស អាយុ១៧ឆ្នាំ បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅនឹងករណីលួចម៉ូតូប្រជាពលរដ្ឋនៅចំណុចភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ចាការមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ដោយយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ប៉ែន ឆៃណា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានប្ដឹងថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២០ និង០០នាទី ប្អូនប្រុសរបស់ខ្លួនឈ្មោះ ប៉ែន ឆៃណាម ភេទប្រុស អាយុ២០ឆ្នាំ បានខ្ចីម៉ូតូរបស់ខ្លួនម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ បន្ទាយមានជ័យ1U-9785 ទៅដើរលេង ក្រោយមកដោយបាត់យូរពេខ្លួនក៏ទូរស័ព្ទទៅប្អូនទាក់ទងមិនបាន រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ទើបប្អូនប្រុសរបស់ខ្លួនប្រាប់ថា ម៉ូតូត្រូវបានគេលួចបាត់ហើយ។បន្ទាប់ពីបានទទួលដំណឹងភ្លាម ឈ្មោះ ប៉ែន ឆៃណា ក៏បានមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតតែម្ដង។
ក្រោយពីទទួលបានពាក្យបណ្ដឹង លោក ក៏បានចាត់តាំងកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅចំណុចម្ដុំសាលាពីរជាន់ ស្ថិតក្នុងក្រុងប៉ោយប៉ែត ព្រមទាំងដកហូតម៉ូតូ០១គ្រឿងដូចមានភិនភាគក្នុងពាក្យបណ្ដឹង រួចបញ្ជូនមកមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ។
ក្រោយពីសមត្ថកិច្ចសាកសួរចម្លើយរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូខាងលើពិតប្រាកដមែន ដោយផ្អែកលើចម្លើយសារភាព នឹងមានវត្ថុតាង និងតាមរយៈធ្វើតេស្តទឹកនោមរកសារធាតុញៀនដោយវិជ្ជមាន ទើបកម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តចាត់ការបន្ត។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ចំណែកម៉ូតូត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែតប្រគល់ឱ្យម្ចាស់ដើមវិញហើយ៕