ឃាត់ខ្លួនជនសង្ស័យ១នាក់ បញ្ជូនទៅតុលាការខេត្ត ពាក់ព័ន្ធករណីលួច នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យ១នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងករណីលួចម៉ូតូ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង០៩ និង០០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលម្ដុំកាស៊ីណូ៩៩ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ បៀ តូនូស ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ស្នាក់នៅបណ្ដោះអាសន្ន នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពី ករណីបាត់ម៉ូតូ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានអាវុធក្រុងប៉ោយប៉ែតបានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យពីជនរងគ្រោះលោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុហើយធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ម៉ៅ ណាត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅមិនពិតប្រាកដ និងដកហូតបានម៉ូតូចំនួន១គ្រឿងដូចមានក្នុងពាក្យបណ្ដឹង ម៉ាកហុងដាហ្សូម័រអិច ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ដែលក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតផ្លាស់ប្រគល់ឱ្យជនរងគ្រោះជិៈធ្វើការ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ក្រោយពីឃាត់ខ្លួន ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមូលដ្ឋានអាវុធក្រុង ដើម្បីធ្វើការសាកសួរ ក្រោយពីកម្លាំងបទល្មើសព្រហ្មទណ្ឌអាវុធហត្ថក្រុង សាកសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានលួចម៉ូតូដែលមានភិនភាគដូចខាងលើពិតប្រាកដមែន។
ដោយទទួលបានចម្លើយសារភាព និងមានវត្ថុតាងផងនោះ កម្លាំងជំនាញអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញបទលល្មើសព្រហ្មទណ្ឌអាវុធខេត្ត ចាត់ការបន្ត ចំណែកម៉ូតូត្រូវបានកម្លាំងអាវុធហត្ថក្រុង ប្រគល់ឱ្យម្ចាស់ដើមវិញហើយ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញអាវុធខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕