កិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យ និងកំណត់ព្រំប្រទល់រដ្ឋបាល រវាងខេត្តកំពត និងខេត្តកែប ដែលនៅមិនទាន់មានភាពច្បាស់លាស់
ខេត្តកំពត៖លោក ប៉ឹល កុសល អភិបាលរងខេត្តកំពត តំណាងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារបច្ចេកទេសចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងកំណត់ព្រំប្រទល់រវាងរដ្ឋបាលខេត្តកំពត និងរដ្ឋបាលខេត្តកែប ដែលនៅមានភាពមិនទាន់ច្បាស់លាស់ នៅសាលាខេត្តកែប រួមជាមួយនឹងលោក វ៉ៅ សុខា អភិបាលរងខេត្តកែប និងក្រុមការងារបច្ចេកទេស ក្នុងគោលបំណង ធ្វើយ៉ាងណាសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋទាំងពីរខេត្ត មានភាពងាយស្រួល ក្នុងការផ្តល់សេវាសាធារណៈ ជាពិសេសបម្រើដល់ការងារបោះឆ្នោតនៅក្នុងឆ្នាំ២០២២ នឹងឆ្នាំ២០២៣ នាពេលខាងមុខ។
ក្នុងកិច្ចប្រជុំនោះក្រុមការងារបច្ចេកទេស នៃរដ្ឋបាលខេត្តទាំងពីរ បានពិនិត្យ ពិភាក្សា ព្រំប្រទល់លើផែនទី រវាងខេត្តទាំងពីរ រួមមានស្រុកទឹកឈូ និងក្រុងកែប ស្រុកកំពង់ត្រាច និងស្រុកដំណាក់ចង្អើរ ជាលទ្ធផល ក្រុមការងារទាំងពីរ បានឯកភាពគ្នាលើចំណុចជាច្រើន ហើយចំណុចដែលនៅ សេសសល់ខ្លះ ក្រុមការងារបច្ចេកទេស ប្រគល់ភារកិច្ចជូនលោកប្រធានមន្ទីរដែនដី នគរូបណីយកម្ម និងសំណង់ខេត្តទាំងពីរ ពិភាក្សារៀបចំកំណត់ព្រំប្រទល់ឲ្យបានរួចរាល់ក្នុងពេលឆាប់ៗ រួចរាយការណ៍ជូនថ្នាក់ដឹកនាំ នៃខេត្តទាំងពីរ ដើម្បីធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃ៕