ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន
ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ចាការអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ធៀម ភក្ដី ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ បានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ ចុះធ្វើប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យបានចំនួន០២នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម្សៅក្រាមពណ៌សថ្លា០១កូនថង់ ទម្ងន់៣,៥៨ក្រាម,ថ្នាំគ្រាប់WY ចំនួន១,៥គ្រាប់ ទម្ងន់០,៤៨ក្រាម,ម៉ូតូចំនួន០២គ្រឿង និងសម្ភារៈមួយចំនួនទៀត នៅចំណុចភូមិភ្នំកន្ទួត សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនទៅបញ្ជាការដ្ឋានអាវុធហត្ថដើម្បីធ្វើការសាកសួរ។
ជនសង្ស័យដេលឃាត់ខ្លួនមានឈ្មោះ ថាន់ ប៊ុនធា ហៅ ធុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងឡាន រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងឈ្មោះ ហិន ហាន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មាន រស់នៅភូមិពីរ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយពីសាកសួរចម្លើយរួចទើបកម្លាំងអាវុធហត្ថជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងអាវុធហត្ថស្រុកមង្គលបូរី បន្តឃាត់ខ្លួនបក្សពួកម្នាក់ទៀតឈ្មោះ ណាន់ ផុន ហៅ គា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង០៣នាក់ ក្រោយពីកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្ត សាកសួរចម្លើយរួច បានឆ្លើយសារភាពថា ពួកគេពិតជាបានជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ពិតប្រាកដមែន។ដោយទទួលបានចម្លើយសារភាព និងមានវត្ថុតាងផងនោះ
បច្ចុប្បន្ន កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕