រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះត្រួតពិនិត្យសកម្មភាពការងារ ថែទាំព្យាបាលអ្នកជំងឺនិងអ្នកធ្វើចត្តាឡីស័ក្ករយះពេល១៤ថ្ងៃ នៅខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីអញ្ជើញចុះត្រួតពិនិត្យសកម្មភាពការងារ ថែទាំព្យាបាលអ្នកជំងឺ និងប្រជាពលរដ្ឋខ្មែរ ដែលចេញពីទឹកដីថៃ មកធ្វើចត្តាឡីស័ក្ករយះពេល១៤ថ្ងៃ តាមវិធានការរបស់ក្រសួងសុខាភិបាល នៅតាមមណ្ឌលសុំចត និងមន្ទីរពេទ្យបង្អែកនានានៅទីរួមខេត្តបន្ទាយមានជ័យ រួចមកនៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តមសាស្រា្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរដោយក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបន្តចុះត្រួតពិនិត្យ ដើម្បីពង្រឹងដល់មន្រ្តីសុខាភិបាលនៅតាមមណ្ឌលសំចត និងមន្ទីរពេទ្យបង្អែកក្នុងក្រុងប៉ោយប៉ែត ។
ក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំនូវការសួរសុខទុក្ខ ពីសម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ បុគ្គលិក នៃមន្ទីពេទ្យទាំងអស់ ដែលបានខិតខំផ្តល់សេវាសុខភាព ជូនដល់អ្នកជំងឺ និងអ្នកដែលកំពុងតែធ្វើចត្តាឡីស័ក្ករយះពេល១៤ថ្ងៃ ដោយយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់ និងប្រកបដោយសីលធម៌វិជ្ជាជីវៈ។
ជាមួយគ្នានោះដែរឯកឧត្តមសាស្រ្តាចារ្យ បានសម្តែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្ត ក្រុង និងអាជ្ញាធរមូលដ្ឋាន បុគ្គលិក មន្ត្រីសុខាភិបាល និងស្ថាបន្ថ័ពាក់ពន្ធ័ទាំងអស់ដែលបានខិតខំប្រឹងប្រែងដ៏មោះមុត ក្នុងការទប់ស្កាត់កុំឲ្យមានការចំលងមេរោគកូវីដ១៩ ចូលទៅរាលដាលដល់សហគមន៍ក្នុងប្រទេស។ទន្ទឹមនោះដែរឯកឧត្តមរដ្ឋនមន្ត្រីបានផ្តាំផ្ញើដល់បុគ្គលិក មន្រ្តីសុខាភិបាល ទាំងអស់ត្រូវបន្តសហការគ្នាល្អ ក្នុងពេលបំពេញការងារផ្តល់សេវាបំរើប្រជាពលរដ្ឋ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃតាមច្រកអូរបី ដឹកជញ្ចូនមកដាក់តាមមណ្ឌលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ មានចំនួន៥,០៤៨នាក់ស្រី២,២៣១នាក់ ដែលកំពុងដាក់ក្នុងមណ្ឌលចត្តាឡីស័កចំនួន១៧កន្លែង ទូទាំងខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ឡេ ចាន់សង្វាត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីសុខាភិបាលខេត្តបានបញ្ជាក់ដែរថា៖ប្រជាពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសថៃត្រូវធ្វើចត្តាឡីស័កមានចំនួន៤,០៤២នាក់ ស្រី១,៦២៨នាក់ ហើយត្រូវបានធ្វើតេស្តសំណាក់វិភាគនៅវិទ្យាស្ថានប៉ាស្ត័រកម្ពុជាមានចំនួន៨៣៣នាក់ ស្រី៤០១នាក់ ហើយធ្វើតេស្តម្នាក់មាន១ទៅ២ដងហើយក្រសួងសុខាភិបាលបានប្រកាសជាផ្លូវការនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ មានវិជ្ជមានកូវីដ១៩ ចំនួន២០នាក់ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរីចំនួន១២នាក់ មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតចំនួន៧នាក់ មន្ទីពេទ្យបង្អែកក្រុងសិរីសោភ័ណចំនួន១នាក់ផងដែរ៕