នាយឧត្តមសេនីយ៍ អ៊ី ឈាន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ជូនដល់កងកម្លាំង តាមបណ្តោយខ្សែរបន្ទាត់ព្រំដែន រវាងខេត្តប៉ៃលិន និងខេត្តចាន់បុរី ប្រទេសថៃ
ខេត្តប៉ៃលិន៖ក្នុងឪកាសអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ជូនដល់កងកម្លាំង តាមបណ្តោយខ្សែរបន្ទាត់ព្រំដែន រវាងខេត្តប៉ៃលិន និងខេត្តចាន់បុរី ប្រទេសថៃ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានជំរុញដល់កម្លាំងសមត្ថកិច្ចការពារព្រំដែនទាំងអស់ ត្រូវការពារសុវត្ថិភាព ជូនប្រជាពលដ្ឋ មិនត្រូវគម្រាមកំហែង បំភ័យ ពលរដ្ឋ ពេលដែលពួកគាត់ឆ្លងដែនមកកម្ពុជាវិញ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន លោកមេបញ្ជាការប្រចាំទិសប៉ៃលិន~សំឡូត លោកមេបញ្ជាការសឹករងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត យុវជនស.ស.យ.កខេត្ត ជាច្រើននាក់ផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូពីសុខទុក្ខកងកម្លាំងប្រដាប់អាវុធគ្រប់កាលៈទេសៈ
ហើយក្នុងនាមឯកឧត្តមផ្ទាល់ ក៏បានធ្វើការកោតសរសើរ និងលើកទឹកចិត្ត ចំពោះការលះបង់ទាំងកម្លាំងកាយចិត្ត របស់កងកម្លាំងទាំងអស់ ព្រមទាំងបានផ្តាំផ្ញើអោយបងប្អូនមានស្មារតីមុះមុត មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយបានល្អអោយក្លាយទៅជាសាច់ឈាមតែមួយ ក្នុងការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ និងការពារសុវត្ថិភាពជូនប្រជាពលដ្ឋ មិនត្រូវគម្រាមកំហែង បំភ័យពលករពេលឆ្លងដែនមក។
ដោយអោយពួកគាត់ឆ្លងដែនមកតាមសម្រួល រួចរាយការណ៍ទៅគ្រូពេទ្យជំនាញ ដើម្បីនាំពួកគេទៅមណ្ឌលធ្វើចត្តាឡីស័ក ដែលបានរៀបចំរួចដោយ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ។
ឯកឧត្តម បានបន្តថា៖ក្រៅពីបេសកកម្មប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ កងកម្លាំងទាំង៣ប្រភេទ ក៏ត្រូវតាមដាននិងរក្សាសណ្តាប់ធ្នាប់ សន្តិសុខតាមព្រំដែន ទប់ស្កាត់និងបង្រ្កាបរាល់បទល្មើសឆ្លងដែន ការជួញដូរខុសច្បាប់ផងដែរ ។
សូមបញ្ជាក់ថា៖ស្បៀងអាហារ និងសម្ភារៈ ដែលបានឧបត្ថម្ភ ដល់កងកម្លាំងការពារព្រំដែន ក្នុងមួយគោលដៅៗ មាន៖ ម៉ាស៤ប្រអប់ កៅស៊ូតង់ធំ១ អង្ករ៥០គីឡូ ទឹកស៊ីអ៊ីវ ១យួរ មី៣កេស ត្រីខ២យួរ ទឹកសុទ្ធដបធំ ៤យួរ ទឹកក្រូច៣៦ដប ពងទា៦០គ្រាប់ ជែលអាល់កុល ១ឡូ និងថវិកាមួយចំនួនផងដែរ៕