អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន យាងចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ ប្រជានុរាស្ត្រ ស្រុកកំពង់ត្រឡាច
ខេត្តកំពង់ឆ្នាំង៖កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន បានយាងចុះជួបសំណេះសំណាល សាកសួរសុខទុក្ខប្រជានុរាស្ត្រ ចំនួន១៥០គ្រួសារ ស្ថិតនៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅក្នុងកិច្ចសំណេះសំណាលនោះប្រជានុរាស្រ្តបានលើកឡើងអំពីទុក្ខលំបាករឿងជីវភាពរស់នៅប្រចាំថ្ងៃ ទាក់ទងនឹងការអាស្រ័យផលលើផ្ទៃបឹងអភិរក្សបឹងពោធិ៍ដែលមានទំហំប្រមាណ៤៧ហិចតា ជាប្រភេទបឹងធម្មជាតិសម្រាប់អាស្រ័យផលជាសមូហភាព។
ក្នុងនោះមានប្រជាពលរដ្ឋចំនួនបួនភូមិដែលប្រើប្រាស់ និង អាស្រ័យផលនៅលើបឹង១នោះ ដូចជា បេះត្រកួន ដកព្រលឹត រកត្រី ក្តាម ខ្យង ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ដោយមើលឃើញពីអត្ថប្រយោជន៍នៃបឹងធម្មជាតិ១នេះ ប្រជាពលរដ្ឋបានចូលរួមថែរក្សាការពារ និងអភិរក្ស កុំអោយបាត់បង់ទ្រង់ទ្រាយដើម ហើយមិនអនុញ្ញាតអោយប្រើប្រាស់ ឧបករណ៍ខុសច្បាប់ចាប់ត្រីលើផ្ទៃបឹងធម្មជាតិនេះជាដាច់ខាត ព្រោះអាចបណ្តាលអោយបាត់បង់ពូជត្រី ធម្មជាតិដែលអ្នកភូមិបានកំពុងប្រើប្រាស់អាស្រ័យផលតាមបែបលក្ខណះគ្រួសារមកដល់ពេលបច្ចប្បន្ននេះ។
ហេតុដូច្នេះប្រជានុរាស្ត្រសុំសំណូមពរដល់អាជ្ញាធរមេត្តា ជួយផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋដើម្បីបានថែរក្សាការពារ និងអភិរក្ស បឹងធម្មជាតិមួយនេះទុកជាសម្បត្តិរួម ព្រោះជាកេរតំណែលរបស់ដូនតាម្យ៉ាងទៀតមានបុរាណដ្ឋានមួយនៅប៉ែកខាងលិចនៃមាត់បឹងអ្នកភូមិហៅថា ប្រាសាទទួលក្រសាំង បច្ចុប្បន្នប្រាសាទនេះបានបាក់បែកខូចខាតអស់ទាំងស្រុង នៅសល់តែតួរខឿនប្រាសាទដែលមានទំហំ១៥x២០ម ហើយប្រជានុរាស្ត្របាននាំគ្នាកសាងសាលាបុណ្យមួយខ្នងនៅក្បែរប្រាសាទនោះទុកសម្រាប់ធ្វើបុណ្យរួមឬបុណ្យភូមិនៅពេលជាមួយគ្នានោះផងដែរ។
ក្នុងឱកាសនោះអ្នកអង្គម្ចាស់ បានប្រលែងត្រីពូជចូលទៅក្នុងបឹង ដើម្បីទុកជានិមិត្តសញ្ញានៃការចូលរួមថែរក្សា ការពារ និងអភិរក្ស ត្រីនៅក្នុងបឹងធម្មជាតិដើម្បីបម្រើនូវប្រយោជន៍របស់អ្នកភូមិដែលប្រើប្រាស់ និងអាស្រ័យផលនៅលើបឹងនោះ ដោយមើលឃើញពីផលលំបាក់ និងជីវភាពខ្វះខាតរបស់ប្រជានុរាស្ត្រ។
អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធីដែន សុំអោយអ្នកភូមិ ក៏ដូចជាអាជ្ញាធរមូលដ្ឋានមេត្តាចូលរួមជួយថែរក្សាការពារ បឹងធម្មជាតិ និងទីទួលបុរាណដ្ឋានមួយនេះអោយបានគង់វង្សតរៀងទៅ។
នាឱកាសនោះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន បានផ្តាំផ្ញើសូមអោយប្រជាពលរដ្ឋរក្សាអនាម័យ ពាក់ម៉ាស់ សម្អាតដៃនឹងសាប៊ូ ឬទឹកអាកុល អោយបានញឹកញាប់ដើម្បីការពារកុំអោយឆ្លងជំងឺរកូវីដ១៩ និងបាននាំព្រះរាជបន្ទូលសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះនរោត្ដម មុនីនាថ សីហនុ សម្តេចព្រះវររាជមាតាជាតិខ្មែរ ដល់ព្រះជានុរាស្ត្រដែលជាកូនជាចៅរបស់ព្រះអង្គ
ជានិច្ចកាលព្រះអង្គទាំងទ្វេរតែងតែយកព្រះរាជហឬទ័យទុកដាក់ចំពោះកូនចៅរបស់ព្រះអង្គគ្រប់ទីកន្លែងនៅទួទាំងប្រទេសប្រជានុរាស្ត្រទាំងអស់ បានក្រាបថ្វាយបង្គំដោយទឹកចិត្ត សប្បាយរីករាយលាយឡំនឹងទឹកភ្នែក ចំពោះអ្នកអង្គម្ចាស់យកព្រះទ័យទុកដាក់លើប្រជារាស្ត្រដែលលំបាកទីទាល់ក្រ
ព្រមទាំងបានសូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក តាមបីបាច់ឃុំគ្រងថែរក្សាសូមអោយអ្នកអង្គម្ចាស់មានព្រះសុខភាពល្អ កម្លាំងពលាំងមាំមួន ព្រះជន្មាយុយឺនយូរ កុំបីឃ្លៀងឃ្លាតឡើយ៕