ឯកឧត្តម ជាវ តាយ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ ទេសចរណ៍ខេត្តកំពត
ខេត្តកំពត៖ក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពត នៅសាលាខេត្តកំពត នាព្រឹកថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈភិបាលខេត្តកំពត បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្កើតឱកាសមុខរបរ បង្កើនប្រាក់ចំណូលលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម បានបន្តថា ផែនការអភិវឌ្ឍន៍ទេសចរណ៍រយៈពេល៥ឆ្នាំ២០១៩-២០២៣នេះ បានបង្ហាញនូវចក្ខុវិស័យច្បាស់លាស់ សម្រាប់អនាគតនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពត ដោយផ្តោតជាសំខាន់ទៅលើទិសដៅយុទ្ធសាស្ត្ររួមមាន ការអភិវឌ្ឍន៍ផលិតផលទេចរណ៍ ការសិក្សាទីផ្សារ ការផ្សព្វផ្សាយ ការតភ្ជាប់ និងការសម្រួលការធ្វើដំណើរ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍សម្បទាទ្រទ្រង់ទេសចរណ៍ ការអភិរក្សធនធានវប្បធម៌ និងធម្មជាតិ ការអភិវឌ្ឍន៍ធនធានមនុស្ស ការគ្រប់គ្រងផលប៉ះពាល់ជាអវិជ្ជមាននៃវិស័យទេសចរណ៍។ផែនការអភិវឌ្ឍន៍នេះ ក៏ចង្អុលបង្ហាញពីការសិក្សាបញ្ហាប្រឈម ហានិភ័យ ចំណុចខ្លាំង កាលានុវត្តន៍ភាព និងការដាក់ចេញនូវយុទ្ធសាស្ត្រ វិធានការ ផែនការសកម្មភាព យន្តការដើម្បីអនុវត្ត និងការត្រួតពិនិត្យវាយតម្លៃ។
ជាមួយនេះអង្គសិក្ខាសាលាបានដាក់ចេញនូវផែនការ កំណើនភ្ញៀវទេសចរចំនួន២,៥០០,០០០នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន៣០០,០០០នាក់នៅឆ្នាំ២០២៣។ដើម្បីឲ្យសម្រេចបាននូវកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិដូចបានកណត់ខាងលើ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈភិបាលខេត្តកំពត បានដាក់ចេញនូវ អនុសាសន៍ចំនួន១២ចំណុច ដើម្បីឲ្យគ្រប់ភាគីពាក់ព័ន្ធ មន្ទីរ អង្គភាពជុំវិញខេត្ត យកចិត្តទុកដាក់ចូលរួមអនុវត្តនូវសកម្មភាពនានា ដែលជាសមត្ថកិច្ចរបស់ខ្លួន ហើយមានចែងនៅក្នុងផែនការអភិវឌ្ឍន៍នេះជាសកម្មភាពអាទិភាព ដោយដាក់បញ្ជូលបន្ស៊ីគ្នាទៅនឹងផែនការសកម្មភាពប្រចាំឆ្នាំ ផែនការបីឆ្នាំរំកិលរបស់ខ្លួន ជាពិសេសការគ្រប់គ្រងអនាម័យអោយបានល្អរប្រសើ៕
សូមជំរាបផងដែរថា ក្នុងសិក្ខាសាលានេះមានការអញ្ញើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាល ក្រុង ស្រុក ចៅសង្កាត់នៃក្រុងកំពត និងលោកមេឃុំដែលមានរមណីយដ្ឋាន និងសហគមន៍ នគរបាលទេសចរណ៍ សហគមន៍ទេសចរណ៍ អង្គការក្រៅរដ្ឋាភិបាល ផ្នែកឯកជន និងប្រតិបត្តិករទេសចរណ៍ សរុបចំនួន១៨២នាក់៕