ពិធីរំលឹកខួប១១ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ
ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍គម្រប់ខួប៣០ឆ្នាំ នៃថ្ងៃប្រកាសបង្កើតកងវរសេនាតូចលេខ២៤៦ (២៤ មិថុនា ១៩៩០-២៤ មិថុនា ២០២នប០) និងខួបអនុស្សាវរីយ៍គម្រប់១១ឆ្នាំ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស (០៤ កញ្ញា ២០០៩ -០៤ កញ្ញា ២០២០)។
សូមជំរាបដែរថាពិធីនេះបានរៀបចំធ្វើឡើងនៅបញ្ជាការដ្ឋានអង្គរក្ស ទីក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្តម លោកជំទាវ រួមនឹងបណ្តាអង្គទូត សេនានុព័ន្ធ អនុព័ន្ធយោធា នៃប្រទេសជាមិត្ត ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងការពាជាតិ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន និងភ្ញៀវជាតិ-អន្តរជាតិចូលរួមយ៉ាងសន្ធឹកសន្ធាប់ ដោយមានការតាំងបង្ហាញយោធបរិក្ខាផ្សេងៗផងដែរ។
បញ្ជាការដ្ឋានអង្គរក្ស ត្រូវបានបង្កើតឡើងដាក់ឲ្យចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ។បញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្រោមការដឹកនាំ បញ្ជាផ្ទាល់ របស់នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ជាអ្នកធានា ផ្គត់ផ្គង់ភស្តុភារ ហិរញ្ញវត្ថុ គ្រឿងបំពាក់កម្លាំង និងហ្វឹកហ្វឺន៕