ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះ
ខេត្តបន្ទាយមានជ័យ៖ ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ជួន សារិត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិវល្លិ៍ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២០ និង៣០នាទី នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ។
លោក វ/ត្រី នួន នីណារ៉ូ មេ/ការ អ.ហ ក្រុងប៉ោយប៉ែតបានឱ្យដឹងថា។
ក្រោយពីទទួលបានពាក្យបណ្ដឹង លោកបានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការស្រាយជ្រាវ និងសហការជាមួយកម្លាំងសន្តិសុខកាស៊ីណូដើម្បីឆែកកាមេរ៉ាសុវត្ថិភាព ខណៈពេលជនរងគ្រោះផ្ញើម៉ូតូនៅទីនោះ ស្រាប់តែមានតម្រុយជនសង្ស័យយ៉ាងជាក់លាក់ ហើយកម្លាំងអាវុធហត្ថក្រុងបានធ្វើការស្រាវជ្រាវបន្ត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ណា រ៉ាដា ហៅតឿ ភេទប្រុស អាយុ៣១ឆ្នាំ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុង ប៉ោយប៉ែត វេលាម៉ោង០៩ និង១១នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ហើយបញ្ជូនទៅមូលដ្ឋាន អ.ហ ក្រុងដើម្បីសាកសួរ។
ក្រោយពីកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌក្រុងបានសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ ០១ គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខៀវលាយទឹកប្រាក់ គ្មានស្លាកលេខដូចនៅក្នុងពាក្យបណ្ដឹងពិតប្រាកដមែន ហើយរូបគេបានយកទៅបញ្ចាំបានប្រាក់ចំនួន៤០០០បាត(ប្រាក់ថៃ) ហើយដើរស៊ីចាយជាមួយមិត្តភ័ក្តិអស់ហើយ។
លោក វ/ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ដោយបានចម្លើយសារភាពលោកបានឱ្យកម្លាំងទាក់ទងយកម៉ូតូពីកន្លែងបញ្ចាំមកប្រគល់ឱ្យម្ចាស់ដើមវិញហើយ ចំណែកជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋាន អ.ហ ខេត្តដើម្បីចាត់ការបន្ត បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ អ.ហ ខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕