ឯកឧត្តម សៅ សារ៉ាត់ ដឹកនាំមន្ត្រីសាខា ចុះផ្សព្វផ្សាយពីវិធានការការពា ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ គ្រុនឈាម គ្រុនឈីក និងចរាចរណ៍ផ្លូវគោក
ខេត្តប៉ៃលិន៖ឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណៈកម្មាធិការសាខា កាលពីថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីសាខា និងយុវជនកាកក្រហម ចុះផ្សព្វផ្សាយពីវិធានការការពាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រុនឈាម គ្រុនឈីក និងចរាចរណ៍ផ្លូវគោក ស្ថិតក្នុងភូមិតាង៉ែនលើ ភូមិទឹកថ្លា ភូមិវត្ត ភូមិអូរតាប្រាំង សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន។
ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ក្រុមប្រតិបត្តិសាខា និងយុវជនកាកបាទក្រហមកម្ពុជា បានចែកប័ណ្ណផ្សព្វផ្សាយពីវិធានការការពារជម្ងឺកូវីត១៩ ចែកម៉ាស់ បាញ់ទឹកអាកុលលាងដៃ ចែកប័ណ្ណផ្សព្វផ្សាយអប់រំពីសុវត្ថិភាពចរាចណ៍ ហើយបានចាក់សារសម្លេងអប់រំតាមឧឃោសនស័ព្ទ អោយបានយល់ដឹងបន្ថែមពីវិធានការការពារ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ គ្រុនឈាម និងគ្រុនឈីកនេះដែរ។ក្នុងន័យជួយដាស់តឿនក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំបន្តការការពារការចម្លងវីរុសកូវីដ-១៩ កុំឲ្យឆ្លងពីបុគ្គល មកក្រុមគ្រួសារ និងកុំឲ្យមានការឆ្លងចូលសហគមន៍តាមរយ:ការអនុវត្តវិធានការសាមញ្ញៗ ព្រមទាំងត្រូវចេះការពារការចម្លងជំងឺផ្សេងៗទៀតដូចជាជំងឺ គ្រុនឈាម គ្រុនឈីក ជាដើម។
ការធ្វើដំណើរទៅទីណា កន្លែងណា ត្រូវតែពាក់ម៉ាស់ការពារជានិច្ច លាងដៃសម្អាតឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលលើសពីមួយម៉ែត្រកន្លះឡើង ដើម្បីចៀសផុតការចម្លងវីរុសកូវីដ-១៩ ។លុបបំបាត់ជម្រកមូសខ្លា សម្រាន្តក្នុងមុង ប្រើសម្លៀកបំពាក់វែងៗជិតដៃជើងជាដើម ដើម្បីការពារជំងឺគ្រុនឈាម គ្រុនឈីក និងជំងឺផ្សេងៗទៀតដែលបង្កឡើងដោយសារមូសខាំ៕