សម្តេចតេជោ ហ៊ុន សែន សម្រេចកញ្ចប់ថវិកា១៥០លានដុល្លារ សម្រាប់កសាងផ្លូវ៣៨ខ្សែ នៅក្នុងទីរួមខេត្តសៀមរាប
រាជធានីភ្នំពេញ៖ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ទោះបីពេលនេះប្រទេសជាតិយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ ក៏មិនបានធ្វើអោយប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិឡើយ។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការសម្រេចកញ្ចប់ថវិកាចំនួន១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវនៅក្នុងទីរួមខេត្តសៀមរាប។
សម្តេចបញ្ចាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំដែលមានចំនួន៣៨ខ្សែ ដែលគ្រោង នឹងសាងសង់នៅក្នុងទីរួមខេត្តនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ នៅក្រោយជំងឺកូវីដ១៩។សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញបើកការដ្ឋាសាងសង់នេះ ហើយសង្ឃឹមថា នៅចុងឆ្នាំ២០២១ យើងនឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយនេះ។សូមអរគុណចំពោះការរួមចំណែកពីគ្រប់ក្រសួងស្ថាប័នទាំងអស់ ដែលមិនខ្ជះខ្ជាយថវិកា ដែលធ្វើអោយយើងសន្សំបានថវិកាប្រមាណជាង ៦០០ លានដុល្លារសម្រាប់យកមកអភិវឌ្ឍន៍ប្រទេស៕