លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ ប្រចាំខែសីហា និងទិសដៅ ខែកញ្ញា ឆ្នាំ២០២០
រាជធានីភ្នំពេញ៖ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ ប្រចាំខែសីហា និងទិសដៅ ខែកញ្ញា ឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរស្តីទី នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤នោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍ណែនាំដល់នាយ នាយរងអាវុធហត្ថ ត្រូវតែប្រកាន់ភ្ជាប់នូវវិន័យ សណ្តាប់ធ្នាប់ឲ្យបានល្អ និងបង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងរួមចំណែកសម្រួលចរាចរណ៍ ឲ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក ហើយក៏ដូចជាការពារសុវត្ថិភាពជូន ថ្នាក់ដឹកនាំជាតិ អន្តរជាតិ ផងដែរ។
ជាងនេះទៅទៀតលោកឧត្តមសេនីយ៍ឯក តែងតែបានក្រើនរំលឹកជារឿយៗស្តីពីការ បង្ការ និងទប់ស្កាត់រលកទីពីរ នៃជម្ងឺឆ្លងកូវីដ-១៩ (Covid-19) ដល់កម្លាំងក្រោមឱវាទទាំងអស់ ឲ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួន អនាម័យជុំវិញអង្គភាព អនាម័យតាមគ្រួសារអាវុធហត្ថនីមួយៗ ដូចជាពាក់ម៉ាស់ ឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល រក្សាគន្លាតសុវត្ថិភាពបុគ្គល សង្គម និងចាត់វិធានការប្រុងប្រយ័ត្នផ្សេងៗ ក្នុងពេលចូលរួមពិធីដែលមានអ្នកចូលរួមច្រើន ដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម ដើម្បីឆ្លើយតបតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាពិសេស សេចក្តីអំពាវនាវរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕