ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីយកកាំបិតចិត្តបន្លែចាក់ទៅលើពូថ្លៃបណ្ដាលឲ្យស្លាប់
បន្ទាយមានជ័យ៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ មូលដ្ឋាន អ.ហ ក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងពីប្រពន្ធជនរងគ្រោះឈ្មោះ ពេជ្រ សុភាព អាយុ៤៩ ឆ្នាំ ពីករណីហិង្សាមួយកើតឡើងកាលពីថ្ងៃទី៣១ ខែសីហា/ឆ្នាំ២០២០ វេលាម៉ោងប្រហែល២០/៣០នាទី ដែលក្មួយស្រីរបស់ខ្លួនឈ្មោះ ជិន ណារី ភេទស្រី អាយុ ២២ ឆ្នាំ បានចេញពីកន្លែងធ្វើការហើយមកដល់ផ្ទះឋិតក្នុងភូមិក្បាលស្ពាន ២ សង្កាត់/ក្រុងប៉ោយប៉ែត។
ហើយនៅពេលនោះស្រាប់តែប្ដីរបស់ខ្លួនមិនដឹងស្រវឹងស្រាមកពីណាក៏បានវាយទៅលើគាត់ជាប្រពន្ធ ព្រមទាំងជេរប្រមាថ ពេលនោះក្មួយជាជនសង្ស័យឃើញដូច្នេះក៏ចូលទៅឃាត់ ក៏បង្ករឱ្យមានជម្លោះឈ្លោះប្រតាយប្រតប់គ្នា រហូតដល់ជនសង្ស័យយកកាំបិតដែលខ្លួនទិញមកសម្រាប់ចិតបន្លែចាក់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសជាទម្ងន់ ហើយក៏បានស្លាប់ពេលដែលកំពុងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។
លោក វ/ត្រី នួន នីណារ៉ូ មេ/ការ មូលដ្ឋាន អ.ហ ក្រុងបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងលោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ពេជ្រ សុភាព ហើយដកហូតកូនកាំបិតចិតបន្លែបានមួយដើមផងដែរ នៅវេម៉ោង១៣ និង៣០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ឋិតក្នុងភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត ប/ជ រួចបញ្ជូនមកមូលដ្ឋាន អ.ហ ក្រុងដើម្បីធ្វើការសាកសួរ។
ក្រោយពីសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានយកកូនកាំបិតចិតបន្លែចាក់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសធ្ងន់ រហូតដល់ស្លាប់ពិតប្រាកដមែន ដោយសារខ្លួនឃើញជនរងគ្រោះប្រើហិង្សាមកលើមីងរបស់ខ្លួនស្ទើតែរាល់ថ្ងៃ។ ក្រោយពីបានចម្លើយសារភាព និងមានវត្ថុតាង កម្លាំងជំនាញ អ.ហ ក្រុងបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋាន អ.ហ ខេត្តចាត់ការបន្ត។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ អ.ហ ខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕