ឯកឧត្តម វេង សាខុន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខដំណែង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង
កាលពីព្រឹកថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខដំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយលោក សុខ សុទ្ធាវុធ ជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង ជំនួសលោក ថាច់ រតនា ដែលបានចូលនិវត្តន៍។
ពិធីនេះប្រព្រឹត្តិទៅនៅសាលប្រជុំអាគារ" ឃ"សាលាខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត នាយករដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំង៣ ឯកឧត្តមសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោកប្រធានមន្ទីរ អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង-ស្រុកទាំង៨ លោកនាយកទីចាត់ការ-ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានស្នាក់ការព្រំដែនក្នុងខេត្ត និងលោក លោកស្រី អនុប្រធាន ប្រធាន ការិយាល័យ នៃមន្ទីរកសិកម្មរក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង សរុបវត្តមានចំនួន៩៦នាក់។
មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងថា អាស្រ័យដោយកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេស ដែលជាផ្លែផ្កានៃគោលនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវកាលានុវត្តភាពដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាខេត្តស្វាយរៀង ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។
ឯកឧត្តមបន្តថា បើទោះបីជាបញ្ហាកូវីដ-១៩នៅតែបន្តនាពេលបច្ចុប្បន្ន វិស័យកសិកម្មក្នុងខេត្តស្វាយរៀង បាននិងកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ដែលសរបញ្ជាក់ឲ្យឃើញតាមរយៈលទ្ធផល នៃកំណើនបរិមាណផលទទួលបានពីផលិតកម្មសត្វ វារីវប្បកម្ម ការកើនឡើននូវការប្រើប្រាស់គ្រឿងយន្តកសិកម្ម ជាពិសេសផលិតផលពីដំណាំកសិ-ឧស្សាហកម្ម និងផលស្រូវដែលទទួលបានមានការកើនឡើងជាលំដាប់ ដែលស្ដែងឡើងតាមរយៈបរិមាណតុល្យភាពស្បៀងខ្ពស់លើសពីតម្រូវការ និងសល់សម្រាប់ការនាំចេញទៅកាន់ប្រទេសជិតខាង ហើយបច្ចុប្បន្នខេត្តក៏បានក្លាយជាមូលដ្ឋានផលិតបន្លែសុវត្ថិភាពដ៏ចម្បងផងដែរ សម្រាប់ផ្គត់ផ្គង់ឲ្យការប្រើប្រាស់ក្នុងស្រុក។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវខិតខំរិះរកវិធីសាស្រ្តផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូលរបស់បងប្អូនប្រជាពលរដ្ឋតាមរយៈការប្រកបរបរកសិកម្ម និងការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ៕