រថយន្តដឹកទំនិញប្រភេទធំមួយគ្រឿង បើកបុកម៉ូតូយុវជនជានិស្សិតឆ្នាំទី៣ម្នាក់ពីក្រោយ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម
រាជធានីភ្នំពេញ៖និស្សិតឆ្នាំទី៣ នៃសកលវិទ្យាល័យជាតិគ្រប់គ្រង ត្រូវបានរថយន្តដឹកទំនិញប្រភេទធំមួយគ្រឿង បើកបុកពីក្រោយ នឹងកិន បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅក្នុងថ្លុកឈាម បន្ទាប់ពីជិះម៉ូតូចេញពីសាលាក្នុងគោលបំណងត្រឡប់ទៅផ្ទះ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង១២រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាកសពជនរងគ្រោះមានឈ្មោះ ចាន់ វឌ្ឍនៈ អាយុ២០ឆ្នាំមុខរបរជានិស្សិតឆ្នាំទី៣ មានទីលំនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបាន ឃើញយុវជនរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HP-1535តែម្នាក់ឯង តាមបណ្តោយផ្លូវលេខ៣៧១ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុរថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ3D-8785 បាន បើកមកបុកពីក្រោយបណ្តាលឲ្យដួលរួចកិនចំពាក់កណ្តាលស្លាប់ភ្លាមៗតែម្តង។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ក្រោយបង្កហេតុអ្នកបើកបររថយន្តបង្កបានចុះរត់គេច បាត់ស្រមោល។ចំណែករថយន្តបង្ក នឹងម៉ូតូរបស់សពត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកបណ្តោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្រាយគ្នាតាមផ្លូវច្បាប់។ចំណែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕