យកពិលទៅបញ្ចូលភ្លើងអាគុយ នៅលើពូកដេក លុះខ្សែភ្លើងដាច់ដំណប៉ះគ្នា បណ្តាលឲ្យទុស្សេ ក្លាយជាអណ្តាតភ្លើងឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើល
ខេត្តប៉ៃលិន៖កាលពីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយស្ត្រីវ័យចំណាស់ម្នាក់ យកពិលទៅបញ្ចូលភ្លើងអាគុយ នៅលើពូកដេករបស់ខ្លួន ដោយខ្វះការប្រុងប្រយត្ន័ លុះខ្សែភ្លើងដាច់ដំណប៉ះគ្នាបណ្តាលឱ្យទុស្សេ ក្លាយជាអណ្តាតភ្លើងឆាបឆេះតែម្តង។ហេតុការណ៍នេះបានកើតឡើង នៅក្នុងភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ម៉ៅ ស្រន់ ភេទស្រី អាយុ៦៩ឆ្នាំ រស់នៅជាមួយចៅ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពបន្តថា ករណីភ្លើងឆេះផ្ទះខាងលើនេះ គឺបណ្ដាលឲ្យខូចខាត មុង ភួយ កន្ទេល ពូក អង្ករ០១ការ៉ុង និងប្រាក់ចំនួន៣៥ម៉ឺនរៀល។មូលហេតុនេះ កើតឡើងដោយសារតែស្ត្រីវ័យចំណាស់បានបញ្ចូលភ្លើងពិល ចេញពីភ្លើងអាគុយ លុះខ្សែភ្លើងដាច់ប៉ះគ្នា ក៏បណ្តាលឱ្យឆ្លងភ្លើង ផ្ទុះឌុយឆ្នាំងសាកបញ្ចូលភ្លើងពិលក្លាយទៅជាអណ្តាតភ្លើង ឆេះសម្ភារក្នុងផ្ទះតែម្តង តែសំណាងល្អបានអ្នកជិតខាងជួយពន្លត់ទាន់ពេល មិនបណ្តាលអោយអ្នកណាម្នាក់ក្នុងផ្ទះ រងរបួសឬបាត់បង់អាយុជីវិតនោះទេ៕