លោក អ៊ុយ សុធាវី ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើការរៀបចំបញ្ជី សារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (២០១៩ ) និងជំរុញការរៀបចំធ្វើប័ណ្ណកម្មសិទ្ធិលើអចលនវត្ថុ ទ្រព្យសម្បត្តិរដ្ឋនៅថ្នាក់ក្រោមជាតិ
ខេត្តបាត់ដំបង៖លោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (២០១៩ ) និងជំរុញការរៀបចំធ្វើប័ណ្ណកម្មសិទ្ធិលើអចលនវត្ថុទ្រព្យ សម្បត្តិរដ្ឋនៅថ្នាក់ក្រោមជាតិ។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក សៀក សុភ័គ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ លោក ប៉ោ ទ្រីឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង លោកស្រី អភិបាល នៃគណៈអភិបាលក្រុងស្រុកទាំង១៤ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំ សាលាខេត្តបាត់ដំបង។
ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោលរៀងរាល់៥ឆ្នាំម្ដង ដោយអនុលោមតាមបែបបទ នីតិវិធី និងទម្រង់គំរូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយកន្លងមក បញ្ជីសារពើភណ្ឌឆ្នាំគោល ធ្លាប់បានរៀបចំចំនួន៣ដងរួចមកហើយ គឺនៅឆ្នាំ២០០៤ ឆ្នាំ២០០៩ និងឆ្នាំ២០១៤ ហើយសម្រាប់ឆ្នាំ២០១៩ ជាឆ្នាំដែលត្រូវរៀបចំបញ្ជីសារពើភណ្ឌឆ្នាំគោលសាជាថ្មី។ក្នុងកិច្ចប្រជុំនេះគឺ ដើម្បីធ្វើការជំរុញដល់អង្គភាពនៅថ្នាក់ក្រោមជាតិរួមមាន រដ្ឋបាលរាជានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ទីរអង្គភាពជំនាញក្នុងរាជធានីខេត្ត ឲ្យរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល(បញ្ជីឆ្នាំ២០១៩)ឲ្យបានរួចរាល់ត្រឹមដំណាច់ត្រីមាសទី១ ក្នុងឆ្នាំ២០២០ខាងមុខនេះ៕