អភិបាលខេត្តសៀមរាប ដឹកនាំមន្ត្រីពាក់ពន្ធ័ អញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម័្ពន្ធ ផ្លូវក្រុងចំនួន៣៨ខ្សែ នៅក្នុងក្រុងសៀមរាប
ខេត្តសៀមរាប៖ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អមដំណើរដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធាគណៈកម្មការអន្តរក្រសួង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសអន្តរក្រសួង កាលពីថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ អញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម័្ពន្ធផ្លូវក្រុងចំនួន៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។
ជាមួយនឹងការចុះពិនិត្យខ្សែផ្លូវនៅក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីសិក្សាជម្រើសបច្ចេកទេសក្នុងការសាងសង់និងកែលម្អឱ្យស្របទៅតាមស្តង់ដារបច្ចេកទេសនិងទំហំ។ទន្ទឹមនឹងនេះ គណៈកម្មការអន្តរក្រសួងក៏ដូចជាអាជ្ញាធរខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងបន្តសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យអនុវត្តគម្រោងហេដ្ឋារចនាសម័្ពន្ធផ្លូវក្រុងចំនួន៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ប្រព្រឹត្តទៅដោយរលូនតាមការនិងស្របតាមផែនការដែលរាជរដ្ឋាភិបាលបានគ្រោងទុក។
ម្យ៉ាងទៀត ការអនុវត្តគម្រោងនេះ មិនត្រឹមតែស្តារហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ព្រមទាំងលើកកម្ពស់នូវសោភ័ណភាព បរិស្ថានក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតឱ្យមកកំសាន្តខេត្តសៀមរាបឱ្យកាន់តែច្រើនឡើងថែមទៀត ជាពិសេសធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងជាតិផងដែរ៕