ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ទទួលជួបពិភាក្សាការងារជាមួយឯក អគ្គរដ្ឋទូតស៊ុយអែត ប្រចាំកម្ពុជា
រាជធានីភ្នំពេញ៖លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ កាលពីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បានទទួលជួបពិភាក្សាការងារជាមួយលោក Bjorn Haggmark ឯកអគ្គរដ្ឋទូតស៊ុយអែត ប្រចាំកម្ពុជា អមដំណើរដោយលោក Samuel Hurting ប្រធានផ្នែកសហប្រតិបត្តិការអភិវឌ្ឍ ប្រទេសស៊ុយអែត ដោយមានការអញ្ជើញចូលរួមពីលោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ លោក ស្រី ដា នាយករងខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងផែនការ លោក ឡាយ ឆាន អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ និងលោក កែវ ចិត្រា ប្រធាននាយកដ្ឋានគណនេយ្យជាតិ នៃវិទ្យាស្ថានជាតិស្ថិតិ។
ក្នុងកិច្ចប្រជុំនេះភាគីទាំងពីរ បានពិភាក្សាផ្តោតលើការគាំទ្រ កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ និងស្ថិតិស៊ុយអែត ក្រោមកម្មវិធីភាពជាដៃគូ ដើម្បីគណនេយ្យភាព និងតម្លាភាព ដែលប្រទេសស៊ុយអែត បានជួយឧបត្ថម្ភគាំទ្រដល់វិទ្យាស្ថានជាតិស្ថិតិ ជាយូរឆ្នាំមកហើយដែរ។
ក្នុងនោះភាគីទាំងពីរ បានលើកយក និងឯកភាពគ្នាលើកិច្ចការមួយចំនួនដែលមិនទាន់អនុវត្ត ត្រូវបង្កើនការយកចិត្តដាក់រួមគ្នាពន្លឿន ដោះស្រាយអោយបានកាន់តែឆាប់ និងមានប្រសិទ្ធភាព។
ក្នុងកិច្ចប្រជុំនេះផងដែរ លោក ឆាយ ថន ក៏បានថ្លែងនូវអំណរអរគុណដល់ប្រទេសស៊ុយអែត និងប្រជាជនស៊ុយអែត តាមរយៈអង្គការ Sida ដែលតែងតែយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសជាមួយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការផងដែរ និងស្នើដល់ប្រទេសស៊ុយអែត បន្តឧបត្ថម្ភគាំទ្រ ទាំងបច្ចេកទេស និងថវិកា សម្រាប់គាំទ្រដល់វិទ្យាស្ថានជាតិស្ថិតិ លើគម្រោងអង្កេតសេដ្ឋកិច្ច សង្គមកិច្ច ធ្វើឱ្យប្រសើរឡើងនូវទិន្នន័យ ដើម្បីគាំទ្រដល់ការវាយតម្លៃក្នុងក្របខណ្ឌគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពសកល ក៏ដូចជាក្នុងក្របខណ្ឌគោលដៅប្រកបដោយចីរភាពកម្ពុជា (២០១៦-២០៣០) និងសូចនាករសំខាន់ៗដទៃទៀតផងដែរ។
ជាការឆ្លើយតប លោកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់លោក ឆាយ ថន ដែលបានយកចិត្តទុកដាក់ខ្ពស់ តបតាមការស្នើរបស់ស្ថានទូត ហើយស្ថានទូតនឹងធ្វើការសម្របសម្រួលការងារជាមួយនឹងវិទ្យាស្ថានជាតិស្ថិតិ ក៏ដូចជាអ្នកគ្រប់គ្រងគម្រោងរបស់ស្ថានទូត បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ស៊ុយអែត នឹងនៅតែបន្តការឧបត្ថម្ភគាំទ្រ ទាំងថវិកា និងបច្ចេកទេស រួមនឹងការអភិវឌ្ឍធនធាន មនុស្សផ្នែកស្ថិតិ ដល់វិទ្យាស្ថានជាតិស្ថិតិផងដែរ៕