សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចុះផ្សព្វផ្សាយពីវិធានការ ការពារទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ និងគ្រុនឈិក
ខេត្តប៉ៃលិន៖លោកជំទាវ ពៅ សុខ អនុប្រធានអចិន្តៃយ៍គណៈកម្មាធិការសាខា កាលពីថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីសាខា និងយុវជន អ្នកស្ម័គ្រចិត្ត ចុះផ្សព្វផ្សាយពីវិធានការ ការពាទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រុនឈាម គ្រុនឈិក និងចរាចរណ៍ផ្លូវគោក ស្ថិតក្នុងភូមិទឹកផុស ភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា៖ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ក្រុមប្រតិបត្តិសាខា និងយុវជនកាកបាទក្រហមកម្ពុជា បានចែកប័ណ្ណផ្សព្វផ្សាយពីវិធានការការពារជម្ងឺកូវីដ១៩ ចែកម៉ាស់ បាញ់ទឹកអាល់កុលលាងដៃ ចែកប័ណ្ណផ្សព្វផ្សាយអប់រំពីសុវត្ថិភាពចរាចរណ៍ ទៅដល់ភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរមកលេងកំសាន្ដនៅក្នុងខេត្តប៉ៃលិន។
ជាងនេះទៅទៀតក្រុមការងារក៏បានចាក់ផ្សាយសម្លេងអប់រំតាមឧឃោសនស័ព្ទ ដល់ភ្ញៀវទេសចរណ៍មកកំសាន្ត បានយល់ដឹងបន្ថែមពីវិធានការការពារទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ជម្ងឺគ្រុនឈាម និងគ្រុនឈិកនេះផងដែរ ក្នុងន័យជួយដាស់តឿនក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំបន្តធ្វើការ ការពារ ការឆ្លងវីរុសកូវីដ-១៩ កុំឲ្យបន្តមកបុគ្គល ឬក្រុមគ្រួសារ និងកុំឲ្យមានការឆ្លងចូលសហគមន៍ តាមរយ:ការអនុវត្តវិធានការសាមញ្ញៗ ព្រមទាំងត្រូវចេះការពារ ការចម្លងជំងឺផ្សេងៗទៀតដូចជាជំងឺ គ្រុនឈាម គ្រុនឈីក ជាដើម។ការធ្វើដំណើរទៅទីណា កន្លែងណា ត្រូវតែពាក់ម៉ាស់ ការពារជានិច្ច លាងដៃសម្អាតឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលលើសពីមួយម៉ែត្រកន្លះឡើង ដើម្បីចៀសផុតការចម្លងវីរុសកូវីដ-១៩៕