ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួបពាក់ពន្ធ័ករណីគ្រឿងញៀន
ខេត្តប៉ៃលិន៖លោកអនុសេនីយ៍ឯក ស៊ឹម សុផល នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងកម្លាំងប្រជាការពារភូមិ ចូលឆែកឆេរលំនៅដ្ឋានមួយកន្លែង ដែលពាក់ព័ន្ធក្នុងករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់ ខណៈជនសង្ស័យធ្លាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ហើយរកឃើញកាំបិត ពូថៅ កាំភ្លើងច្នៃជាច្រើនផងដែរ ។
ការចុះប្រត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ០៧កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចដី របស់ឈ្មោះ សេង ដារ៉ាវុធ ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោយធ្វើការស៊ើបអង្កេតអស់រយៈពេលជាយូរ។
ប្រភពព័ត៌មានបានឱ្យដឹងថា៖ការចុះបង្ក្រាបនេះ មានការដឹកនាំផ្ទាល់ពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន និងមានការចូលរួមពី លោកវរសេនីយ៍ទោ នង វណ្ណី មេបញ្ជាការរង អាវុធហត្ថខេត្តប៉ៃលិន - លោកវរសេនីយ៍ត្រី ស្រី ម៉ន ប្រធានមន្ទីរយុត្តិធម៍អាវុធហត្ថខេត្តប៉ៃលិន - លោកអនុសេនីយ៍ឯក ឈៀង សាវុធ មេបញ្ជាការកងអនុសេនាធំ - លោក អ៊ុក ញ៉ាន់ មេភូមិអូរឈើក្រំ។
ប្រភពដដែលបន្តថា៖ ករណីខាងលើនេះបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់រួមមាន៖
ទី១-ឈ្មោះ មុន ថៃ អាយុ២១ឆ្នាំ
ទី២- ឈ្មោះ គុណ គង់ អាយុ២១ឆ្នាំ
ទី៣- ឈ្មោះ សៀវ ឆៃ អាយុ១៥ឆ្នាំ
ទី៤- ឈ្មោះ សៀវ វុទ្ធ អាយុ២៥ឆ្នាំ ទាំងអស់គ្នាមានទីលំនៅក្នុងភូមិទួលនិមិត្ត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ចំណែកវត្ថុតាងដែលដកហូតរួមមាន៖
ម៉ាស៊ីនកាត់ស្មៅចំនួន០១គ្រឿង ,ផ្លែកាត់តម្រឹមស្មៅចំនួន០១ផ្លែ ,ដាវសាម៉ារ៉ៃ ០១ដើម, កាំបិតខ្វែវ០២ដើម,កាំបិតខ្លី០៤ ដើម និងម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខ ប៉ៃលិន 1C-0345 ។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅកងរាជអាវុធហត្ថខេត្តប៉ៃលិន ដើម្បីរៀបចំសំនុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕