ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះពិនិត្យមើលដំណើរការស្ថាបនាផ្លូវ និងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវទាំង០៣ភូមិ ក្នុងស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោករត្ន័ ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ក្រុមការងារស្រុក ឃុំភូមិ និងក្រុមហ៊ុន កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យមើលដំណើរការស្ថាបនាផ្លូវ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវទាំង០៣ភូមិ នៅក្នុងស្រុកមង្គលបូរី។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បាន
ដឹងថា ដោយមានការគិតគូរខ្ពស់ ចំពោះការធ្វើដំណើរកាត់បន្ថយគម្លាតពីទីក្រុងទៅជនបទ និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនោះ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញការអភិវឌ្ឍផ្លូវលំជនបទដោយប្រែក្លាយពីផ្លូវដីក្រាលក្រួសក្រហម មកជាផ្លូវក្រាលកៅស៊ូ បេតុងជាបណ្តើរៗ សម្រាប់ប្រើប្រាស់បានយូរអង្វែងនោះ។
ឯកឧត្តម អ៊ុំ រាត្រី បន្តទៀតថា ជាក់ស្តែងគម្រោងផ្លូវ៣គីឡូម៉ែត្រ ដែលរដ្ឋបាល ខេត្តកំពុងដំណើរការស្ថាបនាដោយចាក់កៅស៊ូ ប្រភេទ DBST នេះ ដោយប្រើថវិកាខេត្ត ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុង ការធ្វើចរាចរទៅមក និងដឹកកសិផលមកកាន់ទីផ្សារបានលឿនស្របទៅនឹងភាពរីកចម្រើន ប្រទេសជាតិនោះ។
គួរជម្រាបថា គម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូDBST មានប្រវែង ៣០០០ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិសំរោង ភូមផាស៊ីស្រា និងភូមិអញ្ចាញ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីសម្រួលដល់ការធ្វើដំណើរ ប្រជាពលរដ្ឋ ប្តូរពីផ្លូវគ្រួសក្រហម មកក្រាលកៅស៊ូ ជាគម្រោងថវិកាអភិវឌ្ឍន៍ឆ្នាំ២០២០។
ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា អាជ្ញាធរខេត្តតែងតែបានយកចិត្តទុកដាក់ប្រឹងប្រែងគិតគូរជំរុញការជួសជុលឡើងវិញ នូវរាល់ផ្លូវដែលរងការខូចខាតនៅតាម បណ្តាស្រុកក្រុងឃុំសង្កាត់ភូមិដោយកន្លែងខ្លះការស្ថាបនាឡើង ដោយចាក់បេតុងក្រាល កៅស៊ូ និងខ្លះទៀតជួសជុលដោយក្រាលក្រួសក្រហមទៅតាមលទ្ធភាពថវិកា ដែលយើងមាន និងមួយចំណែកក៏បានមកពីទុនចូលរួមរបស់ប្រជាពលរដ្ឋ និងសប្បុរជនរួមគ្នាកសាង៕