ផ្ទះមនុស្សធម៌១ខ្នង ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ជូនគ្រួសារ លោកតា វឿន ឡុក អាយុ៨៣ឆ្នាំ(ជរាពិការជើងឆ្វេង) និងភរិយា
ខេត្តសៀមរាប៖លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌១ខ្នងមានទំហំ៦ម៉ែត្រx៦ម៉ែត្រ មានពីរបន្ទប់ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងស្មាតបត ក្រាលការ៉ូផុតពីដីកម្ពស់០,៤ម៉ែត្រ សង់លើដីផ្ទាល់ខ្លួនគាត់ទំហំ១១ម៉ែតx១៩ម៉ែត្រ ដែលផ្ដួចផ្ដើមដោយឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដោយបានការជួយឧបត្ថម្ភពីលោកជំទាវ លី ដាណា សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រគល់ជូនគ្រួសារលោកតា វឿន ឡុក អាយុ៨៣ឆ្នាំ (ជរាពិការ ជើងឆ្វេង) និងភរិយាឈ្មោះ ម៉ី ដារា អាយុ៦១ឆ្នាំ រស់នៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
នាឱកាសនោះ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ។
ក្នុងនោះលោកជំទាវ ក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូនត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ហើយរដូវនេះជារដូវវស្សា សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នចំពោះផ្គររន្ទះ ត្រូវចេះថែរក្សាសុខភាព ពិសេសកូនចៅតូចៗ បើឃើញថាមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។ លោកជំទាវក៏បានផ្តាំផ្ញើដល់សហគមន៍ សមាជិកគ្រួសារទាំងអស់ ត្រូវចេះសម្អាត ថែរក្សាផ្ទះថ្មីនេះ ដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ។
អំណោយមនុស្សធម៌បន្ថែមសម្រាប់គ្រួសារទទួលបានផ្ទះមាន៖មុង២,ភួយ២,សារុង២ ,ក្រមា២,កន្ទេល២ ,អង្ករ៦០គីឡូក្រាម ,មី២កេស ,ត្រីខ២យួរ,ឡាំងទឹក២,អាវយឺត១០ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកាចំនួន៤សែនរៀល។សម្រាប់គ្រួសារនេះដែរ ប្រតិភូអមដំណើរបានឧបត្ថម្ភបន្ថែមនូវថវិកាផ្ទាល់ខ្លួនមួយចំនួនទៀតផងដែរ។
សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌នេះ ចំនួន២០នាក់ ម្នាក់ៗទទួលបាន៖អង្ករ១៥គីឡូក្រាម មី១កេស ត្រីខ១យួរ ក្រមា១ អាវយឺត២ និងថវិកា៤ម៉ឺនរៀល។ ជាមួយគ្នានេះដែរប្រតិភូអមដំណើរក៏បានជូននូវថវិកាមួយចំនួនថែមផងដែរ៕