ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត
ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោកប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់លើការងារពង្រឹងសន្តិសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ បានល្អប្រសើរក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិសេស ការចូលរួមផ្សព្វផ្សាយក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមមូលដ្ឋាននានាក្នុងខេត្ត។
ទន្ទឹមនេះឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវទិសដៅ និងចំណុចសំខាន់ៗមួយចំនួនដូចជា ៖
១- រដ្ឋបាលខេត្ត នឹងរៀបចំដាក់អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈដែលបានដាច់ដោយកន្លែងនៅក្នុងក្រុងស្វាយរៀងឡើងវិញ ក្នុងនោះក៏មានរៀបចំដំឡើងបន្ថែមបង្គោលភ្លើងនៅតាមបណ្តាផ្លូវសំខាន់ៗមួយចំនួនទៀត ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០តទៅ រួមទាំងការរៀបចំនៅទីប្រជុំជនផ្សារក្រោលគោ និងទីប្រជុំជនផ្សារស្វាយជ្រំផងដែរ។
២- គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ត្រូវត្រៀមលក្ខណៈរៀបចំទីទួលសុវត្ថិភាព និងត្រៀមសម្ភារគ្រប់បែបយ៉ាង ដើម្បីជម្លៀសប្រជាពលរដ្ឋពេលជួបគ្រោះធម្មជាតិ ដែលអាចកើតឡើងជាយថាហេតុ ដូចជាជំនន់ទឹកភ្លៀងជាដើម ក្នុងរដូវវស្សានេះ។
៣- រដ្ឋបាលក្រុង ស្រុក អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តជំរុញផ្សព្វផ្សាយ និងគាំទ្រដល់ការធ្វើអត្តសញ្ញាណប័ណ្ណ នៅតាមមូលដ្ឋានឲ្យបានត្រឹមត្រូវ និងឆាប់រហ័ស ជូនប្រជាពលរដ្ឋ។
៤- រដ្ឋបាលក្រុង ស្រុក ត្រូវជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងកិច្ចអនុវត្តកាតព្វកិច្ចបង់ពន្ធអចលនទ្រព្យ និងពន្ធមធ្យោបាយធ្វើដំណើរ ឲ្យបានទាន់ពេលវេលា។
៥-មន្ទីរកសិកម្ម និងអភិបាលក្រុងស្រុក ត្រូវបន្តតាមដានការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋរួមទាំងការចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ ។
៦- បន្តចូលរួមផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហាគ្រឿងញៀន ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ព្រមទាំងវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩។
៧-ជាមួយនេះឯកឧត្ដមអភិបាលខេត្ត ក៏បានជំរុញដល់រដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំ និងគាំទ្រដល់ឃុំសង្កាត់ ក្នុងការរៀបចំនិមិត្តសញ្ញាតំណាងឲ្យរដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ឲ្យបានទាន់ពេលវេលា ដោយផ្សារភ្ជាប់នូវខ្លឹមសារ អត្ថន័យឲ្យបានត្រឹមត្រូវស្របតាមស្ថានភាពភូមិសាស្រ្ត សក្ដានុពល ប្រវត្តិសាស្ត្រ និងរឿងតំណាលដែលពាក់ព័ន្ធនឹងឈ្មោះ និងការបង្កើតឡើងនូវតំបន់នីមួយៗ ៕